
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅអាជ្ញាធរមីន និងអាជ្ញាធរតាមបណ្ដារាជធានី-ខេត្ត ចាប់ផ្ដើមប្រកាសខេត្ត ស្រុក និងឃុំ-សង្កាត់ ជាបណ្ដើៗអំពីការបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួចរាល់ ដើម្បីផ្តល់សុវត្ថិភាព ហើយពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភ ។
ក្នុងឱកាសអញ្ជើញអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ២០២២ ដែលប្រារព្ធនៅទីតាំងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ខាងមុខ ជាដំណាក់ៗ ដើម្បីបង្ហើយនូវការដោះមីន ដោយបញ្ចប់ខេត្ត បញ្ចប់ស្រុក ឬបញ្ចប់ឃុំ ប្រកាសថាគ្មានមីន ។
សម្ដេចតេជោ បានបន្ថែមថា នៅខេត្តកែប បានប្រកាសរួចហើយថាគ្មានមីន ដោយកន្លែងខ្លះទៀត ត្រូវការប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ទៅរកសុំបរទេសពិបាកណាស់ ហើយឥឡូវត្រូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនជិតបោសសម្អាតមីនអស់ ប៉ុន្តែខ្វះលុយដោះ ។
សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅអាជ្ញាធរមីន សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងបោសសំអាតមីនដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ស្រុកភ្នំស្រុក ក៏ដូចជាអាងត្រពាំងថ្ម ជាតំបន់គ្មានមីន ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់នោះ នៅចុងឆ្នាំនេះយ៉ាងយូរ ត្រូវប្រកាសជាតំបន់គ្មានមីន ។
ជាមួយនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅក្រសួងធនធានទឹក និងឧតុនិយម ត្រូវធ្វើការជួសជុល ធ្វើផ្លូវនៅលើខ្នងអាងត្រពាំងថ្ម ប្រមាណ១០គីឡូម៉ែត្រ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផលកាន់តែងាយស្រួល ខណៈអាងនេះមិនត្រឹមជាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម វាក៏ជាទីតាំងទេសចរណ៍ និងពលរដ្ឋអាចនេសាទបានទៀតផងដែរ ៕ (អត្ថបទ បាន សុខរិទ្ធិ)