វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លំដាប់លេខ ១ ពិភពលោក Iga Swiatek បានបន្តស្ថិតិអស់អស្ចារ្យរបស់ខ្លួនក្រោយរកបានជ័យជំនះ ៣៧ប្រកួតជាប់គ្នាដើម្បីឈានឡើងជុំទី៣ Grand Slam, Wimbledon។ កីឡាការិនីបប៉ូឡូញរូបនេះបានយកឈ្នះសិតដំបូង ៦-៤ លើកីឡាការិនីហូឡង់ Lesley Pattinama Kerkhove មុនពេលដែលចាញ់នៅសិតទីពីរវិញ ៤-៦ តាមរយៈកំហុសជាច្រើន។

យ៉ាងណាក្តី Iga Swiatek ត្រលប់មកភាពដើមវិញដោយបានយកឈ្នះនៅសិតកាត់សេចក្តី ៦-៤ ដើម្បីបន្តស្ថិតិឈ្នះ ៣៧ប្រកួតជាប់គ្នា ពោលគឺល្អជាងស្ថិតិរបស់ Monica Seles និង Martina Higgis ដែលធ្វើបាន ៣៦ប្រកួតជាប់គ្នាកាលពីឆ្នាំ១៩៩៧។ អ្នកដែលឈ្នះជាប់គ្នាច្រើនបំផុតមិនទាន់មានអ្នកបំបែកបាននោះគឺកីឡាការិនី Martina Navratilova ដែលឈ្នះ ៧៤ប្រកួតជាប់គ្នានៅឆ្នាំ១៩៨៤។
ដោយឡែកគូផ្សេងទៀតអតីតជើងឯក Wimbledon កីឡាការិនីរ៉ូម៉ានី Simona Halep បានយកឈ្នះកីឡាការិនីជើងឯកប៊ែលហ្ស៊ិក Kirsten Flipkens ៧-៥ និង ៦-៤។ Halep នឹងបន្តជួបជាមួយកីឡាការិនីប៉ូឡូញលំដាប់លេខ ៩២ Magdalena Frech។ សំរាប់កីឡាការិនីវ័យ ៣៦ឆ្នាំ Kirsten Flipkens ក្រោយបរាជ័យនេះក៏បានលាអ្នកគាំទ្រជាមួយនឹងទឹកភ្នែក ក្រោយសំរេចចិត្តចូលនិវត្តន៍ពីអាជីពវាយកូនបាល់។ នេះជាការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Grand Slam លើកទី៥០ សំរាប់ Kirsten Flipkens៕
អត្ថបទ៖នាង សុភាវុធ