អេស្ប៉ាញ៖ ក្រុមមេដឹកនាំសម្ព័ន្ធណាតូបានបិទបញ្ចប់ជំនួបកំពូលរបស់ខ្លួននៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដោយបង្ហាញការប្ដេជ្ញាចិត្តជាថ្មីការពារទាំងរដ្ឋជាសមាជិក និងដៃគូរបស់ពួកគេ។ មេដឹកនាំទាំងនោះបាននិយាយថា ការប្ដេជ្ញាចិត្តនេះមានហួសពីរដ្ឋនៅតំបន់អាត្លង់ទិកខាងជើងទៅទៀត។
អគ្គលេខាធិការសម្ព័ន្ធណាតូបាននិយាយថា ទាំងក្រុង Moscow ទាំងក្រុងប៉េកាំងកំពុងប្រើគំនាបសេដ្ឋកិច្ច ការបង្ខិតបង្ខំ និងវិធីសាស្ត្រផ្សេងៗដើម្បីកេងផលប្រយោជន៍នៅក្នុងតំបន់។ លោក Stoltenberg ក៏បាននិយាយផងដែរថា ដូច្នេះថ្ងៃនេះយើងបានពិភាក្សារបៀបដោះស្រាយការប្រឈមដែលចេះតែកើនឡើង រួមទាំងការផ្ដល់ការគាំទ្របន្ថែមទៀតដល់បណ្ដាដៃគូរបស់សម្ព័ន្ធណាតូក្នុងតំបន់។ រុស្ស៊ីធ្លាប់ជាដៃគូយុទ្ធសាស្ត្ររបស់សម្ព័ន្ធណាតូ។ តែពេលនេះអង្គការនេះហៅក្រុង Moscow ថាជាការគំរាមដោយផ្ទាល់ និងធំបំផុតរបស់ខ្លួន។
ក្រុមមេដឹកនាំអង្គការនេះបានព្រមព្រៀងផ្ដល់ការគាំទ្ររយៈពេលវែងដល់អ៊ុយក្រែន ព្រមទាំងអនុញ្ញាតឲ្យហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកថ្មីរបស់សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកទៀតផង។ ប្រមុខអង្គការនេះក៏បានទទួលស្គាល់ផងដែរថា ផលប៉ះពាល់ដោយសារការវាយលុករបស់រុស្ស៊ី និងការបិទការនាំចេញផលិតផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល។ ចំណែកលោកប្រធានាធិបតីអាមេរិក Joe Biden បានប្ដេជ្ញាការពារដែនដីគ្រប់អ៊ីញរបស់រដ្ឋជាសមាជិកណាតូ ហើយសហរដ្ឋអាមេរិកកំពុងប្រមូលការគាំទ្រទូទាំងពិភពលោកឲ្យឈរនៅខាងអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន