ប្រណាំងរថយន្ត៖ ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road ឆ្នាំ២០២២ នៅលើកំពូលភ្នំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតអស់រយៈពេល ៣ថ្ងៃ ២យប់កាលពីចុងសប្ដាហ៍កន្លងទៅដោយទទួលបានការគាំទ្រ និងកោតសរសើរពីកីឡាករជាតិ-អន្ដរជាតិថា ការរៀបចំមានលក្ខណៈស្ដង់ដារអន្ដរជាតិដូចនៅបរទេសដែរ។
កីឡាករ អេង ឡៃហុក និងសមាជិកក្រុមឡានគោព្រៃមណ្ឌលគិរីកីឡាករ លឹម ដារ័ត្ន បានសម្ដែងការសប្បាយចិត្ត ដែលបានចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គនេះ ពិសេសការរៀបចំមានលក្ខណៈស្ដង់ដារអន្ដរជាតិ ធ្វើឲ្យមានការប្រកួតប្រជែងខ្ពស់។ លោកសង្ឃឹមថា ការចូលរួមរបស់ខ្លួន ទោះបីពុំទាន់ទទួលបានលទ្ធផលល្អយ៉ាងណា តែនឹងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបែបទេសចរណ៍មួយនេះឲ្យកាន់តែរីកចម្រើន និងជំរុញឲ្យការរៀបចំព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យថែមទៀត។ ដោយឡែកលោក ព្រុំ រស្មី ប្រធានក្រុម CAMABO 4x4 បានសម្ដែងសេចក្ដីរីករាយដែលព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road ឆ្នាំ២០២២ នេះទទួលបានការគាំទ្រច្រើន បន្ទាប់ពីខកខានរៀបចំអស់រយៈពេល ២ឆ្នាំដោយសារបញ្ហាកូវីដ-១៩។
លោកសង្កេតឃើញកីឡាករជាតិ និងអន្ដរជាតិមានកំណើនចូលរួមច្រើន ពិសេសបច្ចេកទេសក៏មានកម្រិតខ្ពស់ ដែលជំរុញឲ្យព្រឹត្តិការណ៍របស់ខ្លួនកាន់តែទាក់ទាញ និងមានការគាំទ្រច្រើន ទាំងកីឡាករ និងប្រជាពលរដ្ឋនៅទីនោះ។ គួររំលឹកថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road បានរៀបចំដោយគោរពលើបាវចនាចំនួន៤ គឺបំផុសវិស័យទេសចរណ៍ ផ្សព្វផ្សាយពីបរិស្ថាន និងអនាម័យ ជំរុញបំផុសអភិវឌ្ឍវិស័យកីឡារថយន្ត Off Road នៅកម្ពុជា និងជួយលើជំនួយមនុស្សធម៌ ដោយផ្តោតលើការជួយជនខ្វះខាតនៅតំបន់ដាច់ស្រយាលផងដែរ៕
អត្ថបទ៖ លី ឈុនឡា