រុស្ស៊ី៖ កងកម្លាំងរុស្ស៊ីបានបោះបង់ចោលកោះពស់នៅសមុទ្រខ្មៅកាលពីថ្ងៃព្រហស្បតិ៍ ជាការបង្កើតជ័យជម្នះដ៏ធំសម្រាប់អ៊ុយក្រែន ប៉ុន្តែនៅតែផ្ដោតលើការវាយលុករុលទៅមុខ ដើម្បីឡោមព័ទ្ធមូលដ្ឋានរឹងមាំចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែនក្នុងខេត្ត Luhansk ភាគខាងកើតប្រទេសនេះ។
សកម្មភាពនេះអាចបន្ធូរការក្ដោបក្ដាប់ នៃការបិទច្រករបស់រុស្ស៊ីលើកំពង់ផែរបស់អ៊ុយក្រែន និងបើកច្រកដឹកជញ្ជូនស្បៀងអាហារចេញពីប្រទេសផ្គត់ផ្គង់គ្រាប់ធញ្ញជាតិឈានមុខគេ ក្នុងចំណោមប្រទេសនាំចេញជាច្រើនរបស់ពិភពលោក។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានសម្រេចចិត្តដកកងទ័ពចេញពីកោះនេះ ជាកាយវិការប្រកបដោយសុចន្ទៈ។ យើងបានបង្ហាញដល់សហគមន៍អន្តរជាតិថា រុស្ស៊ីមិនបានរារាំងកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសហប្រជាជាតិ រៀបចំឲ្យច្រករបៀងមនុស្សធម៌សម្រាប់ការនាំចេញផលិតផលកសិកម្មពីអ៊ុយក្រែនទេ។
ការសម្រេចចិត្តនេះនឹងមានន័យថា អ៊ុយក្រែនមិនអាចយកលេសទម្លាក់បន្ទុកលើវិបត្តិស្បៀងអាហារ ឬនិយាយថា ខ្លួនមិនអាចនាំចេញគ្រាប់ធញ្ញជាតិបាន ដោយសារតែការកាន់កាប់ទាំងស្រុងរបស់រុស្ស៊ី នៅកំពង់ផែភាគពាយ័ព្យនៃសមុទ្រខ្មៅ។ ចំណែកភាគីអ៊ុយក្រែនវិញអះអាងថា ខ្លួនបានវាយបណ្ដេញកងកម្លាំងរុស្ស៊ីចេញពីកោះនេះ បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកាលពីយប់៕
អត្ថបទ៖ សុខមាន