អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដកកងកម្លាំងរុស្ស៊ីចេញពីកោះពស់នឹងផ្លាស់ប្តូរយ៉ាងសំខាន់នូវស្ថានភាពនៅសមុទ្រខ្មៅ។ នៅក្នុងសុន្ទរកថាលោក Zelenskyy និយាយថា ការដកកងកម្លាំងចេញនឹងកំណត់សកម្មភាពរបស់រុស្ស៊ី ប៉ុន្តែបានទទួលស្គាល់ថា វានឹងមិនធានាបានសុវត្ថិភាពនៅក្នុងតំបន់សមុទ្រខ្មៅនៅឡើយនោះទេ។

វិមានក្រឹមឡាំងបានបង្ហាញពីការដកកងកម្លាំងចេញពីកោះពស់ថា ជាកាយវិការសុច្ឆន្ទៈ។ ប៉ុន្តែយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានបង្ខំរុស្ស៊ីឲ្យភៀសខ្លួនចេញតាមទូកល្បឿនលឿនចំនួន ២គ្រឿងបន្ទាប់ពីការបាញ់ផ្លោងដោយកាំភ្លើងធំ និងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន។ លោក Zelenskyy បានបញ្ជាក់សារជាថ្មីថា ស្ថានភាពនៅតែលំបាកនៅក្នុងតំបន់ Donbas។ កងទ័ពរុស្ស៊ី និងសម្ព័ន្ធមិត្តផ្តាច់ខ្លួនរបស់ពួកគេបានគ្រប់គ្រង 95% ក្រុង Luhansk និងប្រហែលពាក់កណ្តាលនៃក្រុង Donetsk ក្រុងទាំងពីរនេះបង្កើតបានជាតំបន់ Donbas ដែលប្រជាជនភាគច្រើននិយាយភាសារុស្សី។
មេដឹកនាំអ៊ុយក្រែនអរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សម្រាប់កញ្ចប់ជំនួយថ្មីក្នុងការគាំទ្រផ្នែកការពារជាតិ។ សហរដ្ឋអាមេរិកមានផែនការបញ្ជូនជំនួយសន្តិសុខ ៨០០លានដុល្លារបន្ថែមទៅឲ្យអ៊ុយក្រែន រួមមានទាំងគ្រាប់រ៉ុក្កែត និងប្រព័ន្ធការពារដែនអាកាសទំនើបៗ៕
អត្ថបទ៖ ប៊ុនថន