ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣ ខែកក្កដា ដើម្បីផ្តល់ពេលវេលាដល់ក្រុមហ៊ុន និងអាជីវកម្ម មកស្នើសុំចុះបញ្ជី ឬលិខិតអនុញ្ញាតអាជីវកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី៣០ ខែមិថុនា ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលប់ បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧:00 នាទី។
រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនអាចមកទទួលលេខរៀង ដើម្បីដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ឬនៅមន្ទីរពាណិជ្ជកម្មខេត្តដែលរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនតាំងនៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះនឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួងពាណិជ្ជកម្ម កាលពីខែមីនា ឆ្នាំ២០២២ បានពន្យាពេលម្តង លើការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី