ភ្នំពេញ៖ កម្ពុជាកំពុងពិនិត្យលទ្ធភាពចុះអនុស្សាណៈនៃការយោគយល់គ្នា (MOU) ជាមួយម៉ុងហ្គោលី ទៅលើវិស័យពាណិជ្ជកម្ម ដើម្បីជំរុញនូវការនាំចេញទំនិញសក្តានុពល លើវិស័យកសិកម្ម និងទំនិញសំខាន់ៗដទៃទៀត ដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានពិភាក្សាលើការងារ នាំចេញកសិផល និងទំនិញសំខាន់ៗរបស់កម្ពុជា ក្នុងជំនួបមួយកាលពីថ្ងៃទី២៩ ខែមិថុនា កន្លងទៅ។
ក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តម រាជ រ៉ា បានលើកឡើងពីបរិយាកាសធុរកិច្ចនៅកម្ពុជារួមមាន៖ ការចរចាបង្កើតទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ ដើម្បីសម្រួលដល់វិនិយោគិន ដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា ។
ឯកឧត្តម ជំរុញឱ្យភាគីម៉ុងហ្គោលី ពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។
ជាការឆ្លើយតប លោក JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា បានគាំទ្រចំពោះសំណើក្នុងការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនេះ ជាពិសេសគោលដៅកសិកម្ម និងទំនិញសំខាន់ៗដទៃទៀត ដែលអាចជាតម្រូវការទីផ្សាររបស់ម៉ុងហ្គោលី។
បង្កើតទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦០ កម្ពុជានិងម៉ុងហ្គោលីបានបន្តពង្រឹង កាន់ជិតស្និទ្ធបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕ អត្ថបទ៖ វណ្ណៈ


