ភ្នំពេញ៖ អាជ្ញាធរ និងមន្ត្រីជំនាញនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប បាននឹងកំពុងតែអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើឱ្យ ប្រសើរឡើងវិញនូវធនធានមច្ឆជាតិ និងលើកស្ទួយជីវភាពប្រជានេសាទ។
ចំថ្ងៃទិវាមច្ឆជាតិ ១កក្កដា លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង អះអាងថា ក្នុងរយៈប្រមាណបីខែនៃយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ធ្វើឱ្យបទល្មើសធំៗ ដែលធ្លាប់កើតមាននៅ ក្នុងតំបន់បឹងទន្លេសាបនៃខេត្តនេះ បានរលាយបាត់អស់ គឺនៅសេសសល់តែបទល្មើសតូចតាចប៉ុណ្ណោះ ដែលវាមិនបង្កហានិភ័យធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិនោះទេ តែទោះជាយ៉ាងណាក៏ដោយការបង្ក្រាបបទល្មើសនេសាទនៅតែបន្ត។
លោក បានបញ្ជាក់ថា ដំណាក់កាលបន្ទាប់ពីការបង្ក្រាបបទល្មើសនេសាទ គឺការខិតខំធ្វើយ៉ាងណា ឱ្យធនធានមច្ឆជាតិសម្បូរឡើងវិញ ។
ចំណែកនៅក្នុងខេត្តកំពង់ឆ្នាំងវិញ ប្រជានេសាទ បានកត់សម្គាល់ឃើញថា បន្ទាប់ពីការបង្ក្រាបបទល្មើសនេសាទ ការនេសាទដោយប្រើប្រាស់ឧបករណ៍ មង សន្ទូច គឺអាចរកត្រីបានច្រើនជាងមុន ដែលពីមុនបានក្នុង១ថ្ងៃតែ១ម៉ឺន ទៅ១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ពួកគេអាចរកចំណូលពីការលក់ត្រី ពី៥ទៅ៨ម៉ឺនរៀល ក្នុង១ថ្ងៃ ។ ចំណែកពូជត្រី ដែលមិនឃើញកាលពីឆ្នាំមុនៗ បានមានវត្តមានសារជាថ្មី ដូចជា ត្រីគ្រុំ ត្រីឆ្កោក ត្រីកេះ និងប្រភេទត្រីត្រីកម្រផ្សេងៗទៀត។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងឹន ហ៊ុន បានអះអាងថា ក្នុងភូមិសាស្ត្រខេត្ត កំពង់ឆ្នាំង មានសភាពស្ងប់ស្ងាត់បទល្មើសនេសាទហើយ បន្ទាប់ពីយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំ ក្នុងរយៈពេលជាងពីរខែកន្លងមកនេះ។ ប៉ុន្តែមកដល់ពេលនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមមន្ត្រីជំ នាញជលផល នៅតែបន្តចុះល្បាត ត្រួតពិនិត្យ ស្រាវជ្រាវ និងង្ក្រាបបទល្មើសនេសាទតាមគ្រប់ច្រកល្ហក។
លោក បានបញ្ជាក់ទៀតថា អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងជំនាញជលផល នៅបានបន្តរុករកនិងរុះរើឧបករណ៍នេសាទខុសច្បាប់ ដែលក្រុមជនល្មើសបានលបលួចដាក់នៅតាមតំបន់វាលទំនាប និងក្នុងព្រៃ ដូចជា លបឡុក បង្គោល ឈើរបាំង ស្បៃ អួនក្រឡា និងបានបំផ្លាញចោលជាបន្តបន្ទាប់ផងដែរ៕