ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចការងារលើកទី២នៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។
ក្នុងដំណើរទស្សនកិច្ចលើកទី២របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដើម្បីផ្លាស់ប្តូរយោបល់ពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងស្ថានភាពនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ា។
បន្ទាប់ពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ុនណា ម៉ោងល្វីន និងឯកឧត្តម កូ កូ ឡាំង ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ ដោយកិច្ចប្រជុំទាំងពីរបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន៖ (១) សារៈសំខាន់នៃការបេ្តជ្ញាចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានទៅមុខបន្ថែមទៀត (២) ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា (៣) ការតាមដានលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ជាពិសេសភាពចាំបាច់ក្នុងការបង្ហាញប្រទេសសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិនូវវឌ្ឍនភាពដែលសកម្ម និងជាក់ស្តែងបន្ថែមទៀត នៅក្នុងការអនុវត្តក្របខ័ណ្ឌ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះ និង (៤) វិធីសាស្រ្តដែលទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អាចចូលរួមក្នុងការងារមនុស្សធម៌ដែលដឹកនាំដោយមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានការវាយតម្លៃតម្រូវការរួមនៅក្នុងតំបន់ដែលពិបាកទៅដល់ផងដែរ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចការងារលើកទី២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា គោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ មានគោលដៅចំនួន៣ រួមមាន កាត់បន្ថយអំពើហិង្សា ឬគោរពដល់ការអនុវត្តបទឈប់បាញ់, បញ្ហាជំនួសមនុស្សធម៌ និងការកសាងទំនុកចិត្តគ្នា ដើម្បីឆ្ពោះទៅរកការចចារថ្នាក់ជាតិ។
យ៉ាងណាមិញ មុនការបំពេញទស្សនកិច្ចការងារលើកទី២ នៅមីយ៉ាន់ម៉ានាពេលនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានផ្ញើលិខិតទៅកាន់ក្រសួងការបរទេសមីយ៉ាន់ម៉ា ដោយបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ខណៈបច្ចុប្បន្នលោកស្រីត្រូវបានស្ថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា៕ អត្ថបទ សេក ឧត្តម