ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសនៅព្រឹកថ្ងៃ១ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ ដោយសម្តេចបានអំពាវនាវឱ្យសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។
យោងតាមផេកFacebook សម្តេចតេជោ ហ៊ុន សែនប្រកាសថា អ្វីដែលសំខាន់ជាងទៀត គឺការឈានទៅបញ្ចប់នៅសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់និងរបួសដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។
សម្តេចតេជោបន្តថា ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លាររួចមកហើយដែលសម្តេចសង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតដើម្បីឱ្យទឹកដីដ៍កំសត់មួយនេះរួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន។
ដើម្បីសម្រួលដល់ការចូលរួមសម្តេចសូមឲ្យសប្បុរសជនធ្វើទំនាក់ទំនងទៅឯកឧត្ដម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ ០១២ ៩៦១៩៧១ ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា៕


