ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា បុគ្គលម្នាក់ៗត្រូវមានក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងខិតខំប្រឹងប្រែង នោះមិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យ៉ាងដូច្នេះបន្ទាប់ពីជំនួបជាមួយគណៈដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តជួបជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសិស្សានុសិស្ស និងសមាជិក សមាជិកា ស.ស.យ.ក.ប្រមាណជាង៤០០ នាក់, នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា បុគ្គលម្នាក់ៗត្រូវមានក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងការខិតខំប្រឹងប្រែង នោះមិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ ក្នុងន័យនេះ ឯកឧត្តម ចង់បង្ហាញឱ្យប្អូនៗសិស្សានុសិស្ស និស្សិត សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ អោយបន្តស្វែងយល់ រៀនសូត្រ ក្រេបជញ្ជក់ចំណេះ ជំនាញ រៀនសង្កេត និងត្រងត្រាប់បទពិសោធន៍ជាក់ស្ដែង របស់ថ្នាក់ដឹកនាំដែលទទួលបានជោគជ័យ ដើម្បីសម្រេចនូវក្ដីស្រមៃទៅថ្ងៃអនាគត។ ឯកឧត្តម បានបន្ថែមទៀតថា អនាគតនោះ គឺជាក្តីស្រមៃ ឬក្តីសង្ឃឹមរបស់បុគ្គលម្នាក់ៗនោះឯង ប៉ុន្តែប្រសិនយើងបើមិនមានការតាំងចិត្ត មិនមានការខិតខំប្រឹងប្រែង ការលះបង់ និងការពុះពារ នាពេលបច្ចុប្បន្នទេ បុគ្គលម្នាក់ៗក៏មិនអាច សម្រេចដល់គោលដៅ ឬក្តីស្រមៃដែលខ្លួនប៉ងប្រាថ្នានោះបានដែរ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាសិស្សានុសិស្ស សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ដែលមានវត្តមានក្នុងជំនួបនាថ្ងៃនេះ។ ក្រៅពីការថ្លែងអំណរគុណ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះការរៀបចំពិធីសំណេះសំណាលក្នុងថ្ងៃនេះ ដែលស្ដែងអោយឃើញពីសកម្មភាពគំរូរបស់ ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មក្នុងការរៀបចំវេទិការនានា ហើយឯកឧត្តមនឹងបន្តលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ឱ្យបន្តអនុវត្តទង្វើល្អៗទាំងអស់នេះ ដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។
សូមជម្រាបជូនផងដែរថា ជំនួបនេះស្ថិតក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សារបស់ ស.ស.យ.ក ដែលកន្លងមកយើងបានជួបជាមួយបណ្តាសាកលវិទ្យាល័យផ្សេងៗ ដើម្បីចូលរួមចំណែកដល់យុវជន ក្នុងការចូលរួមគ្រប់ទិដ្ឋភាព សកម្មភាពស័្មគ្រចិត្ត និងមនុស្សធម៌៕ អត្ថបទ ៖ រដ្ឋា









