
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានបន្តជួបជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ពិភាក្សាលើបញ្ហាកំពុងកើតឡើង នៅក្នុងប្រទេសមួយនេះ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្រាប់តំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ គឺបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដោយកិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធី ដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។
ក្នុងថ្ងៃដដែលនេះ ឯកឧត្តម ប្រាក់សុខុន បានជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ទី១. ពិភាក្សាពីវឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA), ទី២. ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និងទី៣. តួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់ ៕(អត្ថបទ៖បាន សុខរិទ្ធិ)







