អឺរ៉ុប៖ ដោយប្រឈមទៅនឹងបញ្ហាមិនធ្លាប់មានពីមុនមក សម្ព័ន្ធយោធាការពារ NATO បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ ដោយសមាជិកទាំងអស់បង្ហាញពីការរួបរួម ខណៈពួកគេផ្តោតលើការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាត់ទុកកិច្ចប្រជុំកំពូលនេះថាជាប្រវត្តិសាស្ត្រ។ លោក Biden ដែលប្រទេសរបស់លោកផ្តល់នូវចំនួនសព្វាវុធ និងកម្លាំងច្រើនសន្ធឹកសន្ធាប់ដល់អង្គការ NATO បានប្រកាសពីការជំរុញយ៉ាងខ្លាំងចំពោះវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអឺរ៉ុប។ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា មុនពេលសង្គ្រាមចាប់ផ្តើម លោកបានប្រាប់លោក Putin ថា ប្រសិនបើលោក Putin វាយលុកអ៊ុយក្រែន អង្គការ NATO នឹងមិនត្រឹមកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែនឹងមានការរួបរួមកាន់តែខ្លាំងថែមទៀត ហើយយើងនឹងឃើញប្រទេសលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ក្រោកឈរប្រឆាំងនឹងការវាយលុករបស់លោក និងការពារសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់។ នោះហើយជាអ្វីដែលយើងកំពុងឃើញនាពេលបច្ចុប្បន្ននេះ។
នៅក្នុងកិច្ចប្រជុំកំពូលនេះមេដឹកនាំអង្គការ NATO បានអញ្ជើញជាផ្លូវការប្រទេសហ្វាំងឡង់ និងស៊ុយអែតឱ្យចូលរួមជាមួយសម្ព័ន្ធនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការប្រឆាំងពីសំណាក់ប្រទេសទួរគី។ មេដឹកនាំអង្គការ NATO បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលក្នុងការបង្កើនកម្លាំងយោធា នៅតាមបណ្តោយតំបន់ភាគខាងកើតរបស់សម្ព័ន្ធមិត្ត ដែលបណ្តាប្រទេសមានចាប់ពីប្រទេសរ៉ូម៉ានីរហូតដល់រដ្ឋបាល់ទិក ព្រួយបារម្ភអំពីផែនការអនាគតរបស់ប្រទេសរុស្ស៊ី។ អង្គការNATO បានប្រកាសផែនការបង្កើនទំហំកងកម្លាំងប្រតិកម្មរហ័ស របស់សម្ព័ន្ធនេះជិតប្រាំបីដងពីចំនួន 40,000នាក់ដល់ 300,000នាក់នៅឆ្នាំក្រោយ៕
អត្ថបទ៖ សុខមាន