អាហ្វហ្គានីស្ថាន៖ មេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់កាលពីថ្ងៃសុក្រ បានបួងសួងដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសអាហ្វហ្គានីស្ថាន អំឡុងថ្លែងសុន្ទរកថាទៅកាន់បុព្វជិតឥស្លាមនៅទីក្រុងកាប៊ុល។ រញ្ជួយដ៏ខ្លាំងដែលបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី22 ខែមិថុនា បណ្តាលឲ្យមនុស្សជាង 1,000នាក់ស្លាប់នៅភាគខាងកើតប្រទេសជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។

រញ្ជួយដីបានបំផ្លាញភូមិជាច្រើននៅតំបន់ជួរភ្នំក្នុងខេត្ត Paktika និងខេត្ត Khost បំផ្លាញលំនៅឋាន និងបណ្តាលឲ្យមានបំណាក់ដី។ ក្រុមផ្តល់ជំនួយដែលមានកម្លាំងច្រើនបានជួយប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ និងបានរួសរាន់បញ្ជូនសម្ភារៈផ្គត់ផ្គង់ដល់ជនរងគ្រោះដោយសាររញ្ជួយដី។ ស្បៀងអាហារ ឱសថ និងជំនួយពីអន្តរជាតិផ្សេងទៀតដែលត្រូវការខ្លាំង បានបន្តចូលមកដល់ខេត្តរងគ្រោះទាំងនេះតាមផ្លូវដ៏លំបាកក្នុងស្ថានភាពគ្រោះថ្នាក់។ ប៉ុន្តែភាពអស់សង្ឃឹមកំពុងកើនឡើងក្នុងចំណោមអ្នកបាត់បង់លំនៅឋាន ដោយអ្នកភូមិជាច្រើនកំពុងដើររើសរបស់របរសេសសល់ដែលអាចប្រើប្រាស់បាន ខណៈពួកគេបានបាត់បង់អ្វីៗទាំងអស់។
ទីភ្នាក់ងារផ្តល់ជំនួយកំពុងជួបការលំបាកក្នុងការទទួលបានសម្ភារៈផ្គត់ផ្គង់ និងជំនួយទៅដល់អ្នកភូមិដោយសារតែទីដាច់ស្រយាល និងភូមិសាស្ត្រពិបាកចូលទៅដល់។ ដោយដឹងពីឧបសគ្គរបស់ខ្លួន ក្រុមតាលីបង់ដែលសាច់ប្រាក់ត្រូវបានបង្កកបានអំពាវនាវសុំជំនួយពីបរទេស និងបានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនឱ្យបញ្ចេញទុនបម្រុង ដែលបានបង្កករាប់ពាន់លានដុល្លាររបស់ប្រទេសអាហ្វហ្គានីស្ថាន។ ទោះជាយ៉ាងណា ប្រទេសភាគច្រើនបានឆ្លើយតបយ៉ាងរហ័ស ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅតែមានភាពយឺតយ៉ាវ និងមានកម្រិត ដោយសារតែមានឧបសគ្គផ្នែកថវិកា៕
អត្ថបទ៖ សុខមាន