រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី និងក្រុមផ្តាច់ខ្លួនតំបន់ Luhansk បន្តរុលចូលទៅមុខដោយជោគជ័យនៅក្នុងទីក្រុង Lysychansk ។

អ្នកនាំពាក្យរបស់រុស្សីលោក Igor Konashenkov និយាយថា ក្នុងរយៈពេលច្រើនជាងបីថ្ងៃ កងទ័ពដណ្តើមបានការគ្រប់គ្រងនៅរោងចក្រចម្រាញ់ប្រេង។ លោក Konashenkov និយាយថា កងទ័ពអ៊ុយក្រែនបាត់បង់ច្រើននៅក្នុងទីក្រុងនេះ ដោយបានរាយការណ៍ថា មនុស្ស 190នាក់បានស្លាប់ និងរងរបួស។ ខណៈទីក្រុង Sievierdonetsk របស់តំបន់ Luhansk បានធ្លាក់ទៅលើកងកម្លាំងរុស្ស៊ី ការផ្តោតសំខាន់បានងាកទៅរកទីក្រុង Lysychansk ។
ការប្រយុទ្ធរបស់ទីក្រុងមូស្គូដើម្បីដណ្តើមយកតំបន់ Donbas ទាំងមូលពីអ៊ុយក្រែន បានឃើញកងកម្លាំងរុស្ស៊ីរុលចូលទៅកាន់ភូមិចំនួនពីរនៅភាគខាងត្បូងទីក្រុង Lysychansk ខណៈកងទ័ពអ៊ុយក្រែនបានប្រយុទ្ធដើម្បីការពារការហ៊ុមព័ទ្ធ។ ប៉ុន្តែមនុស្សជាច្រើននៅទីក្រុង Sievierodonetsk បានបដិសេធមិនព្រមចាកចេញនោះទេ។ ជនស៊ីវិលប្រមាណ 15,000នាក់នៅតែជ្រកកោនក្នុងទីជម្រកក្រោមដីគេចពីការបាញ់ផ្លោង ខណៈពលរដ្ឋមួយចំនួនបន្ទោសអ៊ុយក្រែនចំពោះជម្លោះ ហើយអ្នកផ្សេងទៀតសុំឲ្យបញ្ឈប់សង្គ្រាម៕
អត្ថបទ៖ សុខមាន