ឥណ្ឌា៖ កងទ័ពនិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកជួយសង្គ្រោះនៅភាគឦសានប្រទេសឥណ្ឌា បានរកឃើញសាកសព 20នាក់ពីកន្លែងមានបំណាក់ដីដែលបានកប់ជំរំសាងសង់ផ្លូវរថភ្លើងមួយកន្លែង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅថ្ងៃទី2។

កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះគ្រោះមហន្តរាយនៅតែបន្ត ជួយសង្គ្រោះមនុស្សរាប់សិបនាក់ផ្សេងទៀតដែលត្រូវបានគេព្រួយបារម្ភថា ជាប់នៅក្រោមគំនរបាក់បែកនៅកន្លែងកើតមានឧប្បត្តិហេតុក្នុងរដ្ឋ Manipur។ ជនរងគ្រោះភាគច្រើនជាទាហានបម្រុងដែលបានធ្វើការលើគម្រោងផ្លូវរថភ្លើង។ សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា មនុស្ស 18នាក់ត្រូវបានគេរកឃើញដោយមានសុវត្ថិភាពរហូតមកដល់ពេលនេះ ខណៈទាហានបម្រុង 15នាក់ និងជនស៊ីវិល 29នាក់នៅបាត់ខ្លួននៅឡើយ។
អ្នកនាំពាក្យកងទ័ពលោក Sumit Kumar Sharma និយាយថា ក្រុមជួយសង្គ្រោះបានជីកកកាយដីល្បាប់ និងយកផ្ទាំងថ្មចេញដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត។ ប្រធានរដ្ឋមន្ត្រីរដ្ឋ Manipur លោក N. Biren Singh បានសរសេរនៅលើបណ្ដាញ Twitter ថា ការបាត់បង់អាយុជីវិតរួមមានទាំងបុគ្គលិកកងកម្លាំងប្រដាប់អាវុធរបស់យើង ជារឿងសោកសៅបំផុត។ តំបន់ភាគឦសានដាច់ស្រយាលរបស់ប្រទេសឥណ្ឌា បានទទួលរងភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបង្កឱ្យមានបំណាក់ដី និងទឹកជំនន់។ អ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុកំពុងបង្កើនចំនួនឧប្បត្តិហេតុ បណ្តាលមកពីអាកាសធាតុនៅជុំវិញពិភពលោក៕
អត្ថបទ៖ សុខមាន