លោក William E. Thomas នាយកវិទ្យាល័យ AUPP បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនេះឱ្យដឹងថា វិទ្យាល័យ AUPP បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ចំនួនពីរ គឺសញ្ញាបត្រស្ដង់ដារសហរដ្ឋអាមេរិកពីគ្រឹះស្ថានសិក្សា Foxcroft Academy និងសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាជាលើកដំបូងរបស់ខ្លួនជូនដល់សិស្សានុសិស្សរបស់ខ្លូន។ សិស្សជាប់សញ្ញាបត្រត្រូវបន្ដការសិក្សានៅ សហរដ្ឋអាមេរិក អូស្រ្តាលី ស្វីស ញូវហ្សាលែន និងប្រទេសថៃ ព្រឹកថ្ងៃទី០២កក្កដាម្សិលមិញ។
សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ AUPP ទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៅពេលបញ្ចប់ការសិក្សា ដែលអាចផ្ដល់ឱកាសទូលំទូលាយក្នុងការបន្ដការសិក្សាថ្នាក់ឧត្តមសិក្សាស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក។
សិស្សឆ្នើមប្រចាំជំនាន់ឆ្នាំ២០២២ ឈ្មោះ ហ៊ី ពុទ្ធីរតន៍ ត្រូវបានទទួលរង្វាន់ជាសិស្សកិត្តិយសដែលមានលំដាប់ពិន្ទុ GPA ខ្ពស់បំផុតក្នុងចំណោមសិស្សានុសិស្សដែលបញ្ចប់ការសិក្សា។ សមិទ្ធផលដ៏អស្ចារ្យរបស់សិស្សានុសិស្ស គឺសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសម្ថតភាពក្នុងការសិក្សារបស់ពួកគេ ក៏ដូចជាការគាំទ្រ និងជំនួយពីលោកគ្រូអ្នកគ្រូរបស់ពួកគេ។
លោក William E. Thomas នាយកវិទ្យាល័យ AUPPបានបន្តថា “ជាដំបូង ខ្ញុំសូមស្នើឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាទាំងអស់ចំណាយពេលបន្តិចនៅថ្ងៃនេះ ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រក្មួយៗ ដែលជាហេតុនាំឱ្យក្មួយអាចមានថ្ងៃនេះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាង ក្នុងការទទួលបាននូវឱកាសដែលក្មួយៗបានទទួលនោះទេ។ ក្មួយៗគឺតំណាងឱ្យអ្នកដឹកនាំជំនាន់ក្រោយ ហើយភាពជាអ្នកដឹកនាំនឹងនាំមកនូវទំនួលខុសត្រូវដល់ក្មួយៗ”។
វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។
គ្រឹះស្ថានសិក្សា Foxcroft Academy ដែលជាដៃគូរបស់វិទ្យាល័យ AUPP ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជននៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ និងជាវិទ្យាល័យដំបូងគេដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិក។ គ្រឹះស្ថានសិក្សា Foxcroft Academy ជាគ្រឹះស្ថានមធ្យមសិក្សាឯកជនមានអាយុកាលជាង ២០០ឆ្នាំដែលផ្ដោតលើការអប់រំជានិរន្ដរភាព៕









