ស្វាយរៀង៖ សមិទ្ធផលនានារួមមាន អគារសាលាបឋមសិក្សា ទីចាត់ការ មតេ្តយ្យសិក្សាវត្តដូង និងសមិទ្ធផលនានា ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានប្រារព្ធពិធីសម្ពោធបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែកក្កដាម្សិលមិញ ក្រោមវត្តមាន ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ។
ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍សំណេះសំណាល និងបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលបានអញ្ជើញមកចូលរួមអបអរសាទរសមិទ្ធផលថ្មីៗដែលកើតឡើងនៅក្នុងឃុំដូងនាឱកាសនោះ។
ឯកឧត្តម ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុក លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតផ្តល់ជូនដល់ពលរដ្ឋ ពិសេសផ្ដល់ជូនសិស្សានុសិស្ស ចូលសិក្សារៀនសូត្រ ខណៈដែលតំបន់ជាយដែនមួយនេះ ប្រឈមនឹងការកង្វះអាគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីប្រើប្រាស់។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម សៅ សុខា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពិសេសពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសមិទ្ធផលដែលកើតមាននៅតំបន់នេះឲ្យបានគង់វង្សសម្រាប់ប្រើប្រាស់ ផ្តល់ឲ្យកូនចៅរបស់យើងបានចូលសិក្សារៀនសូត្រក្រេបយកចំណេះដឹងកសាងធនធានមនុស្ស ដើម្បីបន្តចូលរួមការពារ និងអភិវឌ្ឍន៍ជាតិ ពីបច្ចុប្បន្ន និងទៅអនាគត ពិសេសត្រូវធ្វើការទប់ស្កាត់រាល់សកម្មដែលបង្កឡើងដោយជនអគតិមួយចំនួន ក្នុងការវាយប្រហារមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក៏ដូចជាធ្វើការនឹងបន្តអនុវត្តនយោបាយភូមិ-ឃុំមានសុវត្ថិភាពបន្ថែមទៀត ដើម្បីរួមចំណែកថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់រក្សាសន្តិភាពអោយបានគង់វង្ស នាំកូនចៅ និងក្រុមគ្រួសារទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ពិសេសបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនតាមរយៈ ការពាក់ម៉ាស រក្សាគំលាត ខណៈដែលជំងឺកូវីដ-១៩ បាននិងកំពុងបន្តកើតមាននៅក្នុងសហគមន៍សារជាថ្មី ៕
អត្ថបទ៖ ភា សារិទ្ធ