មីយ៉ាន់ម៉ា៖ នៅថ្ងៃច័ន្ទនេះ ក្រុមអាជ្ញាធរថៃនៅតាមបណ្ដោយព្រំដែន ភាគពាយព្យរបស់ប្រទេសបានត្រៀមទប់ស្កាត់ លំហូរអ្នកភូមិជនជាតិភាគតិចការែន ដែលអាចនឹងមានបន្ថែមទៀត ដែលកំពុងរត់ភៀសខ្លួនដោយសារការព្រួយបារម្ភថា អាចនឹងមានការវាយប្រហារតាមអាកាសថ្មីៗទៀត ពីយោធាសហភាពមីយ៉ាន់ម៉ា។

កាលពីថ្ងៃអាទិត្យ មនុស្សប្រមាណ ៣ពាន់នាក់បានឆ្លងកាត់ទន្លេខណ្ឌចែកប្រទេសទាំង២ ចូលទៅក្នុងខេត្ត Mae Hong Son របស់ប្រទេសថៃ ២ថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាស។ រូបភាពវីដេអូដែលត្រូវថតបាននៅថ្ងៃនោះ បានបង្ហាញពីក្រុមអ្នកភូមិរួមទាំងភាគច្រើនជាកុមារ កំពុងសម្រាកក្នុងព្រៃនៅក្នុងទឹកដីសហភាពមីយ៉ាន់ម៉ា កំពុងរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ យន្តហោះយោធាមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែក ទៅលើទីតាំងទ័ពព្រៃការែនមួយកន្លែងនៅក្នុងតំបន់ ស្ថិតនៅតាមបណ្ដោយទន្លេ Salween ក្នុងស្រុក Mutraw របស់រដ្ឋការែន នេះបើយោងតាមបុគ្គលិក ២នាក់របស់ទីភ្នាក់ងារផ្ដល់ជំនួយមនុស្សធម៌៕
អត្ថបទ៖ សុខមាន