ប្រដាល់៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ” រដូវកាលទី៨ បានចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ នៅស្ទូឌីយោស្ទឹងមានជ័យរបស់អគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍បាយ័ន។

ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវដែលជាដៃគូឧបត្ថម្ភនៅសង្វៀនគុនខ្មែរទូរទស្សន៍បាយ័នជាង ១០ឆ្នាំមកហើយនោះ បានបន្តសហការបន្តទៀតជាមួយទូរទស្សន៍បាយ័ន ក្នុងការរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីប្រដាល់គុនខ្មែរ ដែលមានការគាំទ្រជាងគេបំផុតនៅកម្ពុជា។ រដូវកាលទី៨ បានចាប់ផ្តើមនៅវេលាម៉ោង ៦ល្ងាចម្សិលមិញជាមួយនឹងវត្តមានអ្នកគាំទ្រពេញសង្វៀនស្ទូឌីយោស្ទឹងមានជ័យ និងមានអ្នកគាំទ្រមួយចំនួនធំមិនអាចចូលទស្សនាផ្ទាល់បាន ដោយសារកន្លែងអង្គុយទស្សនាមានកំណត់។ វត្តមានកីឡាករកំពូលកម្ពុជាបួនរូបរួមមាន ពេជ្រ សម្បត្តិ, ធន់ ផានិត, ផាន់ ផាន់ណាត់ និងជ័រពៅ ខណៈកីឡាករថៃខ្លាំងៗបួនរូបរួមមាន ទួនប៉េ ស៊ីតសាមផាយ៉ាក, រ៉ាក់ថែ ស៊ីតអាចានបៀរ, ផាត់ថាណា ស៊ីតអាចានវីន និងផេតម៉េតម៉ៃ ស៊ីតណងឡេក និងប្រកួតខ្វែងគ្នាកម្ពុជា-ថៃក្នុងប្រភេទទំងន់ ៦០គីឡូក្រាម។

រូបមន្តនៃការប្រកួតនោះគឺកីឡាករកម្ពុជា និងថៃនៅពូលផ្សេងគ្នា តែត្រូវប្រកួតគ្នាកម្ពុជាប៉ះថៃសរុបម្នាក់បួនប្រកួត ដណ្តើមយកជ័យជំនះ ៣ពិន្ទុ និងអ្នកចាញ់ ១ពិន្ទុ គ្មានស្មើ។ កីឡាករដែលឈរលេខ ១ និងលេខ ២ ក្នុងពូលនីមួយៗនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែកីឡាករក្នុងពូលនីមួយៗត្រូវជួបលេខ ១ និងលេខ ២ ពូលខ្លួនឯងនៅវគ្គនោះ មុនដល់វគ្គផ្តាច់ព្រ័ត្រដែលដាច់ខាតត្រូវតែកីឡាករកម្ពុជាជួបថៃ។ ការប្រកួតជុំទី ១ នៅថ្ងៃអាទិត្យម្សិលមិញ កីឡាករកម្ពុជាពីររូបរួមមាន ផាន ផាន់ណាត់ និង ពេជ្រ សម្បត្តិ សុទ្ធតែបាត់បង់បីពិន្ទុដូចគ្នាក្រោយចាញ់កីឡាករថៃ រ៉ាក់ថែ ស៊ិតអាចានបៀរ និង ទួនប៉េ ស៊ីតសាមផាយ៉ាក ដោយពិន្ទុដូចគ្នា។ ជុំទី២ ពីរគូរទៀតនឹងជួបគ្នាថ្ងៃអាទិត្យចុងសប្តាហ៍នេះរួមមាន ធន់ ផានិត ជួបជាមួយ ផាត់ថាណា ស៊ីតអាចានវីន និងជ័រពៅ ជួប ផេតម៉េតម៉ៃ ស៊ីតណងឡេក៕
អត្ថបទ៖នាង សុភាវុធ