ភ្នំពេញ៖ ក្នុងរយៈពេលជិតមួយសប្តាហ៍ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើអ្នកឆ្លងជំងឺកូវីដ-១៩ឡើងវិញ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានភាពមមាញឹកជាងមុន ។
មន្រ្តីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ នៅថ្ងៃទី០៤ ខែកក្កដានេះ បាន ប្រាប់BTVឲ្យដឹងថា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ សម្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មានកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសដូសជំរុញទី៤ និងទី៥។ ការចាក់វ៉ាក់សាំង ច្រើនជាងមុននេះ គឺដោយសារប្រជាពលរដ្ឋយល់ដឹងច្បាស់ពីសារសំខាន់ នៃការចាក់វ៉ាក់សាំងដូសជំរុញ។
ប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងនៅទីតាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ បានប្រាប់ BTVថា ការដែលពួកគេមកចាក់វ៉ាក់សាំង គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ឡើងវិញ កាន់តែច្រើនថែមទៀត។
ពួកគាត់ បានបញ្ជាក់ថា ទោះបីពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លង ឡើងវិញក៏ដោយ តែមិនសូវភ័យខ្លាចដូចមុនៗនោះទេ ព្រោះបានចាក់វ៉ាក់សាំងជាច្រើនដូសរួចរាល់។ យ៉ាងណាក្តីពួកគេ នៅតែបន្តអនុវត្តនវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
ចាប់ពីតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប្រទេសកម្ពុជា បើកដំណើរការប្រទេសឡើងវិញ ធម្មតា តាមបែបគន្លថ្មី ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយពេលរាជរដ្ឋាភិបាលទទួលបានជោគជ័យ លើ នយោបាយចាក់វ៉ាក់សាំងស្រោចលើប្រជាពលរដ្ឋបានជាច្រើនលាននាក់។ បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលបន្តចាត់ទុកជាយុទ្ធសាស្រ្តដ៏សំខាន់ មួយ ដើម្បីធានានិរន្តរភាពសេដ្ឋកិច្ច៕
អត្ថបទ៖ ទូច សោភ័ណ