វាយកូនបាល់៖ អ្នកការពារតំណែងជើងឯក Grand Slam, Wimbledon កីឡាករស៊ែប Novak Djokovic បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយហើយ ក្រោយយកឈ្នះកីឡាករហូឡង់ Tim van Rijthoven។ នេះជាការប៉ុនប៉ងចង់ឈ្នះជើងឯក Wimbledon ឱ្យបាន ៤ឆ្នាំជាប់គ្នាសំរាប់ Novak Djokovic បន្ទាប់ពីជ័យជំនះ ៣ សិតទល់នឹង ១ ពិន្ទុ ៦-២, ៤-៦, ៦-១ និង ៦-២។

កីឡាករលំដាប់ទី ១០៤ ពិភពលោក Van Rijthoven ក៏មានការទះដៃសរសើរពីសំណាក់អ្នកគាំទ្រដែរ ក្រោយយកឈ្នះនៅសិតទីពីរ ៦-៤។ ជើងឯក Grand Slam ២០លើកវ័យ ៣៥ឆ្នាំ Novak Djokovic ឆ្លើយតបវិញជាមួយនឹងជ័យជំនះ ២សិតផ្ទួនៗវិញដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយជួបជាមួយ Jannik Sinner។ កីឡាករអ៊ីតាលី Jannik Sinner ឡើងទៅវគ្គ ៨នាក់ចុងក្រោយនេះ ក្រោយយកឈ្នះកីឡាករវ័យក្មេងអេស្ប៉ាញ Carlos Alcaraz។
ងាកមកការប្រកួតផ្សេងទៀត កីឡាករម្ចាស់ផ្ទះអង់គ្លេស Cameron Norrie បានឈានឡើងវគ្គ ៨នាក់ចុងក្រោយ ដែលរូបគេជាក្តីសង្ឃឹមតែម្នាក់គត់របស់អង់គ្លេស បន្ទាប់ពីកីឡាករ-កីឡាការិនីផ្សេងទៀតសុទ្ធតែធ្លាក់។ Camron Norrie បានយកឈ្នះកីឡាករអាមេរិក Tommy Paul ដោយលទ្ធផល ៣ សិតផ្ទួនៗ ៦-៤, ៧-៥ និង ៦-៤។ នៅថ្ងៃអង្គារស្អែកនេះ Cameron Norrie នឹងត្រូវជួបជាមួយកីឡាករប៊ែលហ្ស៊ិក David Goffin ដែលបានទំលាក់កីឡាករ Frances Tiafoe៕
អត្ថបទ៖នាង សុភាវុធ