កណ្ដាល៖ ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅខេត្តកណ្តាល ហាក់មានសន្ទស្សន៍លឿនឡើងវិញ បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីកើតឡើងវិញនៃការរាតត្បាតកូវីដ១៩ និងកូវីដអូមីក្រុង លើអ្នកដំណើរអន្តរជាតិផង និងប្រពលរដ្ឋនៅក្នុងសហគមន៍។
បើតាមវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យជ័យជំនះ ដែលជាមន្ទីរពេទ្យធំជាងគេនៅក្នុងខេត្តកណ្តាល បានថ្លែងប្រាប់BTVនៅថ្ងៃទី៤ ខែកក្ដដានេះថា បច្ចុប្បន្ននៅក្នុងមន្ទីរពេទ្យជ័យជំនះ បាននឹងកំពុងដំណើរការចាក់វ៉ាក់សាំងការពារកូវីដ១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៥ ហើយបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីកើតឡើងវិញនៃការរាតត្បាតកូវីដ១៩មក ក្នុងរយៈពេលប្រមាណ ១សប្តាហ៍មកនេះ បណ្តាពលរដ្ឋបានមកចាក់វ៉ាក់សាំងដូសជំរុញស្របការណាត់របស់ក្រុមពេទ្យបានច្រើន ជាពិសេសសម្រាប់ពលរដ្ឋដែលត្រូវចាក់ដូសទី៣ដល់ដូសទី៥។
សម្រាប់បណ្តាពលរដ្ឋវិញ នៅក្នុងអំឡុងពេលនេះ ហាក់មានការយល់ដឹងច្រើនអំពីការចាក់វ៉ាក់សាំងដូសជំរុញ ក្នុងការពង្រឹងភាពសាំងនៅក្នុងខ្លួន និងនៅក្នុងសហគមន៍ ហើយគេបានឆ្លៀតពេលវេលាមកចាក់ បើទោះគេមានភាពមមាញឹកនៅក្នុងការងារ ប្រកបរបររកស៊ីយ៉ាងណាក៏ដោយ។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងជា នៅក្នុងអំឡុងពេលនេះ នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្តកណ្តាល គឺបាននឹងកំពុងទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៤ ជូនពលរដ្ឋវ័យ៣ឆ្នាំឡើងទៅ ។ ដោយឡែកការចាក់ដូសទី៥ ផ្តល់ជូនដល់ក្រុមអាទិភាពជួរមុខ។
វេជ្ជបណ្ឌិត គួយ ប៊ុនធឿន បញ្ជាក់ថា សម្រាប់ការចាក់នៅក្នុងរយៈពេលប្រមាណ ១សប្តាហ៍នេះ ហាក់មានសន្ទស្សន៍លឿន ក្នុងនោះ ដូសទី៣ជាមធ្យមចាក់បាន៨៥.៦៧% នៃចំនួនគោលដៅសរុប ហើយគិតតែលើក្រុមមនុស្សវ័យចាប់ពី១២ឆ្នាំដល់១៧ឆ្នាំចាក់បានប្រមាណជាង៩០%។ ដោយឡែកដូសទី៤ ជាមធ្យមចាក់បាន១៩% នៃចំនួនគោលដៅសរុប ដោយឡែកដូសទី៥ចាក់បានប្រមាណជាង ១% នៃចំនួនគោលដៅសរុប។
សម្រាប់ក្រុមក្មេងអាយុ ៣ឆ្នាំដល់៥ឆ្នាំ ក្រុមគ្រូពេទ្យខេត្តកណ្តាល បានប្រកាសនឹងចាប់ផ្តើមចាក់ដូសទី៣ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះតទៅ៕ អត្ថបទ ស៊ុម សុខជា