វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ទុយនេស៊ី Ons Jabeur បានកក់កៅអីនៅវគ្គ ៨នាក់ចុងក្រោយ Grand Slam ជាលើកដំបូងក្នុងអាជីព ក្រោយយកឈ្នះកីឡាការិនីប៊ែលហ្ស៊ិក Elise Mertens នៅ Wimbledon។ បន្ទាប់ពីសិតទី១ ដ៏តានតឹន ៧-៦(៩-៧) Ons Jabeur បានយកឈ្នះនៅសិតទី២ ដោយលទ្ធផល ៦-៤។

ជុំបន្ត Ons Jabeur នឹងត្រូវជួបជាមួយកីឡាការិនីឆេក Marie Bouzkova ពោលគឺកីឡាការិនីទាំង២ សុទ្ធតែមិនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ក្នុងព្រឹត្តិការណ៍វាយកូនបាល់លំដាប់ Grand Slam។ ចំណែកឯកីឡាការិនីអង់គ្លេស Heather Watson បានធ្លាក់ពីការប្រកួតហើយ ក្រោយចាញ់កីឡាការិនីអាល្លឺម៉ង់ Jule Niemeier។
Watson ជាកីឡាការិនីតែម្នាក់របស់អង់គ្លេសដែលមកដល់វគ្គនេះ និងប៉ុនប៉ងឡើងវគ្គ ៨នាក់ចុងក្រោយជាលើកដំបូងក្នុងអាជីព តែបែជាបរាជ័យក្រោមស្នាដៃកីឡាការិនីលំដាប់លេខ៩៧ ពិភពលោក Niemeier ៦-២ និង ៦-៤។ នេះជាការបង្ហាញខ្លួននៅព្រឹត្តិការណ៍ Grand Slam លើកទី៤២ សំរាប់ Heather Watson តែមិនដែលមានលទ្ធផលល្អឈានដល់វគ្គ ៨នាក់ចុងក្រោយឡើយ។ Jule Niemeier នឹងបន្តជួបជាមួយកីឡាការិនីលំដាប់លេខ ១០៣ ពិភពលោក Tatjana Maria៕
អត្ថបទ៖នាង សុភាវុធ