បាល់ទាត់៖ ប្រធានក្លិបអ៊ីតាលី Lazio លោក Claudio Lotito ត្រូវពិន័យ ៧ខែ ខណៈក្លិបនៅ Serie A មួយនេះត្រូវពិន័យជាទឹកប្រាក់ ១៥ម៉ឺនអឺរ៉ូ និងគ្រូពេទ្យប្រចាំក្លិប ២នាក់ត្រូវពិន័យ ១២ខែ ក្រោយពីរកឃើញថា បានបំពានវិធានការទប់ស្កាត់ Covid-19 នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អ៊ីតាលី។
ការបំពានវិធានការសុខាភិបាលស្តីពីការទប់ស្កាត់ Covid-19 នេះត្រូវបានគេរកឃើញថា Lazio មិនបានរាយការណ៍ដល់អាជ្ញាធរសុខាភិបាល ស្តីពីករណីវិជ្ជមាន Covid-19 លើកីឡាករ ៣ នាក់របស់ខ្លួន និងបណ្តោយឲ្យកីឡាករទាំង ៣នាក់នោះចូលរួមហ្វឹកហាត់ទៅទៀតទាំងដឹងថា ពួកគេវិជ្ជមាន។ ក្នុងនោះដែរក៏គេរកឃើញថា ក្លិបបានចុះបញ្ជីកីឡាករដែលមានអាការៈ មិនស្រួលថែមទៀតផង។ សូមបញ្ជាក់ថា រឿងនេះកើតឡើងតាំងពីខែតុលា និងវិច្ឆិកា តែទើបត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីស្រាវជ្រាវរកឃើញ។ Lazio បានបញ្ជាក់ក្នុងសេចក្តីថ្លែងការរបស់ខ្លួនដែរថា ក្លិបមិនបានប្រព្រឹត្តិឲ្យមានបញ្ហាបែបនេះឡើយ ហើយពួកគេនឹងប្តឹងតវ៉ាវិញ៕
អត្ថបទ៖នាង សុភាវុធ