បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលខ្លាំងឡើងវិញនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចែកជូនពលរដ្ឋងាយរងគ្រោះប្រមាណ ៥០០គ្រួសារ ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ ឯកឧត្តម សុខ លូ បានណែនាំប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈអ្នកមិនបានចាក់ដូសជំរុញជាមុខសញ្ញាប្រឈមគួរឱ្យព្រួយបារម្ភ ក្នុងករណីជំងឺកូវីដ-១៩ផ្ទុះឡើងវិញ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា អាជ្ញាធរបានសហការជាមួយក្រុមគ្រូពេទ្យ ពង្រាយទីតាំងចាក់វ៉ាក់សាំងនៅតាមផ្សារ និងទីប្រជុំជនបន្ថែមពីលើទីតាំងដែលមានស្រាប់ជាច្រើនកន្លែង សំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីបង្កើនល្បឿនការចាក់វ៉ាក់សាំង។
បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឡើងវិញ ប្រជាពលរដ្ឋហាក់មានការភ្ញាក់រលឹកទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញច្រើនជាងមុន៕
អត្ថបទ៖ នឿត សុភក្ត្រ