ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បង្ហាញថា ប្រតិបត្តិការរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បានដំណើរការយ៉ាងរលូន និងរឹងមាំនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារតែការស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស នៃសកម្មភាពអាជីវកម្មចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកដំណើរការសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញ ។
គិតត្រឹមឆមាសទីមួយឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានដល់វិស័យឯកជនសរុប ៥០,៧ពាន់លានដុល្លារ។ នេះបើយោងតា របាយការណ៍ពីធនាគារជាតិនៃកម្ពុជា ដោយបានបញ្ជាក់ថា ទំហំឥណទាននេះ គឺកើនជាង ២២ភាគរយ បើធៀបនឹងចុងឆ្នាំត្រីមាសទីមួយឆ្នាំ២០២១។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទឹកប្រាក់ចំនួន២០៥,៤ទ្រីលានរៀល (ប្រមាណ៥០,៧ពាន់លានដុល្លារ) គឺជាទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ផ្តល់ឱ្យវិស័យឯកជននានា ដើម្បីបំពេញតាមតម្រូវការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច។
យោងតាមរបាយការណ៍ដដែល ការផ្តល់ឥណទានតាមវិស័យរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន ១៣,៧ពាន់ដុល្លារបានគ្រប់ដណ្តប់លើវិស័យសំណង់ ដែលកើន២៩,៣ភាគរយ ធៀបនឹងឆ្នាំមុន ឥណទាន ៤,៨ពាន់លានដុល្លារ គ្រប់ដណ្តប់លើវិស័យកសិកម្ម កើន១១,៦ភាគរយ និងវិស័យសេវាកម្មកើន ១១,៥ភាគរយក្នុងទំហំ ៥ពាន់លានដុល្លារ។
ដោយឡែក ផ្នែកពាណិជ្ជកម្មលក់ដុំ និងរាយទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន១២,៦ ពាន់លានដុល្លារ កើន២៦,១ភាគរយ, អង្គភាពគ្រួសារមាន២,៧ ពាន់លានដុល្លារ កើន៣៧ ភាគរយ, ផ្នែកកម្មន្តសាល ១,៧ ពាន់លានដុល្លារ កើន២៤,៨ ភាគរយ និងផ្នែកផ្សេងៗ ១០,២ ពាន់លានដុល្លារ កើន ១៦,៨ ភាគរយ។
បច្ចុប្បន្នកម្ពុជា មានធនាគារ និងមីក្រូហិរញ្ញសរុប ៣៨៣គ្រឹះស្ថាន ក្នុងនោះមាន ធនាគារពាណិ្ជកម្ម ចំនួន៥៤ និងធនាគារឯកទេស ចំនួន១០។
ដោយឡែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន មាន៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មាន៧៩ និងគ្រឹះស្ថានឥណទានជនបទ មាន២៣៤៕ អត្ថបទ៖ វណ្ណៈ

