ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 អេស្ប៉ាញ Carlos Sainz បានស្គាល់ជ័យជំនះដំបូងក្នុងអាជីព ក្រោយយកឈ្នះការប្រកួតនៅទីលាន Silverstone ចក្រភពអង់គ្លេស។ ការប្រកួតចាប់ផ្តើមពេញដោយគ្រោះថ្នាក់ បន្ទាប់ពីការប៉ះទង្គិចពេលចេញដំណើរ ដោយយើងឃើញរថយន្តកីឡាករចិន Zhao Guanyu ក្រឡាប់អូសនឹងផ្លូវ និងលត់ផ្លោះរបង។

តែសំណាងល្អកីឡាករចិនរបស់ក្រុម Alfa Romeo រូបនេះមិនមានគ្រោះថ្នាក់ឡើយ។ ក្រោយការប៉ះទង្គិចជាច្រើនរថយន្តនោះ ការប្រកួតក៏ត្រូវបានផ្អាក និងចាប់ផ្តើមឡើងវិញដោយ Carlos Sainz បានវ៉ាជែង Max Verstappen តែក៏ត្រូវបានកីឡាករហូឡង់វ៉ាបានវិញ មុនពេលដែល Verstappen បាត់បង់ការនាំមុខដោយសារបែកកង់។ ក្រោយមក Carlos Sainz បានរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ ខណៈលេខ២ បានទៅកីឡាកររបស់ Red Bull, Sergio Perez។ តំណែងលេខ៣ វិញពេញដោយការប្រកួតប្រជែងរវាងកីឡាករ ៣នាក់រួមមាន Charles Leclerc, Lewis Hamilton និង Fernando Alonso ខណៈដែលចុងក្រោយជើងឯកពិភពលោក ៧សម័យ Lewis Hamilton ដណ្តើមបានតំណែងចុងក្រោយគេនៃវេទិកាកិត្តិយស។
ដោយឡែក Max Verstappen បញ្ចប់នៅចំណាត់ថ្នាក់លេខ៧ តាមពីក្រោយ Lando Norris, Fernando Alonso និង Charles Leclerc។ ក្រោយការប្រកួតនៅអង់គ្លេសនេះ កីឡាកររបស់ក្រុម Red Bull, Max Verstappen បន្តការនាំមុខក្នុងតារាងជើងឯកពិភពលោកមាន ១៨១ពិន្ទុ តាមពីក្រោយដោយមិត្តរួមក្រុម Sergio Perez មាន ១៤៧ពិន្ទុ និងលេខ៣ Charles Leclerc មាន ១៣៨ពិន្ទុ និង Carlos Sainz លេខ៤ មាន ១២៧ពិន្ទុ។ ទីលានបន្ទាប់ F1 នឹងបន្តដំណើរទៅទឹកដីអូទ្រីសចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ