កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំ និងឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពការងារសាងសង់ និងការគ្រប់គ្រងទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីប្រឹក្សាបច្ចេកទេសគម្រោង ប្រធានមន្ទីរ អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសគម្រោង។
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អនុវត្តនៅក្រុងកំពង់ឆ្នាំង ផ្ដោតលើអនុគម្រោងចំនួន២ គឺគម្រោងសាងសង់ទីលានទុកដាក់សំរាម ដែលបានបញ្ចប់ការសាងសង់ និងគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលនឹងចាប់ផ្ដើមអនុវត្តការសាងសង់នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន និងសហគមន៍ ព្រមទាំងសុខុមាលភាពក្រុមគ្រួសាររបស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋកុំចោលសំរាមពាសវាលពាសកាល នៅតាមទីសាធារណៈ តាមដងផ្លូវ និងសូមភ្ជាប់សេវាដឹកជញ្ជូនសំរាមឲ្យបានគ្រប់គេហដ្ឋាន៕ អត្ថបទ៖ ហុង វាស្នា







