ភ្នំពេញ៖ កន្លងមករហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ពីបញ្ហាការខូចផ្លូវ ការរលប់គំនូសសញ្ញាចរាចរណ៍ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង ១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ និងលើកសោរភ័ណ្ឌភាពទៅក្រុងផងដែរ។
ជាក់ស្ដែងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ សកម្មភាពលាបគំនូសសញ្ញាចរាចរណ៍ របស់មន្ទីសាធារណការ បានបន្តលាបគំនូសសញ្ញាចរាចរណ៍ តាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដល់វិមានឯករាជ្យ មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីជំនាញ បានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមបណ្ដោយមហាវិថីព្រះនរោត្តមនេះ គំនូសសញ្ញាចរាចរណ៍មានការរលប់បាត់ស្ទើរទាំងស្រុង ដូច្នេះ មន្ទីសាធារណការ បានចាត់ម្លាំងចុះអ៊ុតគំនូសសញ្ញាថ្មីឡើងវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបញ្ជាយានយន្ត។
ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តជួសជុល និងអ៊ុតកៅស៊ូលាបពណ៌គំនូសចរាចរណ៍ បង្ហើយការសាងសង់ ដើម្បី ដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះដូចពេលកន្លងមក៕ អត្ថបទ៖ ម៉ឺន កម្ភ:
