ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃ គណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំ JCBC កាលពីលើកមុន និងរិះរកវិស័យនានា ដែលមានសក្តានុពលភាព សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅបន្តពង្រឹង និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

