បន្ទាយមានជ័យ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថា កងកម្លាំងស៊ីម៉ាក់នឹងប្រើពេលប្រមាណ១ខែ ដើម្បីបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសចុះពិនិត្យទីតាំងនៅចំណុចអាងត្រពាំងថ្ម នារសៀលថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា បានជួបសំណេះសំណាល ជាមួយកម្លាំងប្រតិបត្តិការរបស់កងឯកភាពកំចាត់មីនទី១ ទិសបន្ទាយមានជ័យ ចំនួន១៧៣នាក់ ។
ឯកឧត្តម បានបន្តថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កងកម្លាំងអង្គភាពស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់មីនក្នុងតំបន់ខាងលើនេះ និងប្រើរយៈពេល១ខែ (ក្នុងខែកក្កដា)ក្នុងការបោសសម្អាត ដោយផ្ទៃដីដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ដែលមានកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យមានចម្ការមីនចំនួន៨ និងមានផ្ទៃដីសរុបជាង ២៥ហិចតាទៀតប៉ុណ្ណោះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆាជាតិ១កក្កដា សម្តេចតេជោ បានចេញបទបញ្ជាឱ្យបោសសម្អាតគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ហើយយ៉ាងហោចណាស់ត្រូវប្រកាសជាតំបន់គ្មានមីននៅចុងឆ្នាំនេះ។ ជាមួយនេះសម្ដេចបានបញ្ជាក់ទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួសជុលកែលម្អ ធ្វើផ្លូវនៅលើខ្នងអាងត្រពាំងថ្មប្រមាណ ១០គីឡូម៉ែត្រផងដែរខណៈបច្ចុប្បន្នក្រសួងធន់ធានទឹក បានដាក់គ្រឿងចក្រធ្វើការជួសជុលហើយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ





