
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា ការវាយលុករបស់រុស្ស៊ីបានធ្វើឱ្យប៉ះពាល់ដល់វិស័យកីឡា នៅក្នុងប្រទេសរបស់លោកធ្ងន់ធ្ងរ ដោយអត្តពលិកនិងគ្រូបង្វឹកចំនួន ៨៩នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធ។
លោក Zelenskyy បានធ្វើសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach កាលពីថ្ងៃអាទិត្យ ដែលលោកបានមកបំពេញទស្សនកិច្ចនៅទីក្រុងKyiv។ លោក Zelenskyy និយាយថា អត្តពលិកអ៊ុយក្រែនជាច្រើននាក់បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីការពារប្រទេស។
លោក Bach និយាយថា លោកធ្វើទស្សនកិច្ចនៅទីក្រុងKyiv គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ជាពិសេសជាមួយអត្តពលិក។ លោកបានប្រកាសថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នឹងបង្កើនមូលនិធិគាំទ្រដល់អត្តពលិកអ៊ុយក្រែន ៣ដង ដែលមានទំហំទឹកប្រាក់រហូតដល់ ៧.៥លានដុល្លារ។
