
អាមេរិក៖ នគរបាលកំពុងតាមស្វែងរកខ្មាន់កាំភ្លើងលើដំបូលអគារដែលបានបាញ់សម្លាប់មនុស្ស៦នាក់ នៅក្នុងក្បួនព្យុហយាត្រាបុណ្យឯករាជ្យជាតិជិតទីក្រុង Chicago សហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីម៉ោងដល់១០:០០ម៉ោងនៅសហរដ្ឋអាមេរិក នៅពេលគេបានលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ក្រុមមន្ត្រីនិយាយថា មនុស្ស២៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Robert E Crimo III វ័យ២២ឆ្នាំ ។ នគរបាលនិយាយថា ជនល្មើសនោះ ត្រូវបានចាត់ទុកថា ជាមនុស្សមានអាវុធក្នុងដៃ និងគ្រោះថ្នាក់ ។
នគរបាលបាននិយាយថា ជនសង្ស័យទំនងជាមានគោលបំណងដាក់គោលដៅទៅលើក្រុមមនុស្សដែលកំពុងចូលរួមនៅក្នុងព្យុហយាត្រាដោយប្រើអាវុធវែងសម្រាប់បាញ់ស៊ីប។
ជនសង្ស័យជាខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា នៅម៉ោងប្រមាណ ១០:១៥ នាទីម៉ោងនៅសហរដ្ឋអាមេរិក ត្រឹមប៉ុន្មាននាទីបន្ទាប់ពីពិធីចាប់ផ្ដើម។
អ្វីដែលគួរជាថ្ងៃដ៏រីករាយបំផុតមួយក្នុងចំណោមពេលវេលាដ៏រីករាយបំផុតជាច្រើននៅឆ្នាំនេះ បានប្រែក្លាយយ៉ាងលឿនទៅជាការភ័យស្លន់ស្លោរ ដោយច្រានកៅអីចោល រត់ចោលការបូប និងកៅអីអង្គុយលើវាលស្មៅ ត្រូវបោះបង់ចោលរាយប៉ាយនៅតាមដងផ្លូវ ខណៈហ្វូងមនុស្សរត់គេចចេញពីហេតុការណ៍នេះ។
ជនសង្ស័យត្រូវគេជឿថាបានបាញ់ពីលើដំបូលប្លុកអគារសាធារណៈនៃហាងលក់ទំនិញដែលនៅក្បែរនោះ ជាទីដែលនគរបាលនិយាយថា ពួគេបានរកឃើញភស្តុតាងនៃការប្រើប្រាស់អាវុធ។ មនុស្សពេញវ័យចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែង ព្រមទាំងជនរងគ្រោះម្នាក់ទៀតដែលអាជ្ញាធរក្នុងតំបន់និយាយថា បានស្លាប់នៅមន្ទីរពេទ្យក្បែរនោះ។ គួររម្លឹកថា ថ្ងៃទី៤ខែកក្កដា គឺជាថ្ងៃឈប់សម្រាកទូទាំងប្រទេស រម្លឹកដល់ការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមចក្រភពអង់គ្លេសក្នុងឆ្នាំ ១៧៧៦៕
