ពោធិ៍សាត់៖ បុរស២នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍មិននឹកស្មានដល់ ដោយសារខ្លាឃ្មុំមួយក្បាលចាប់ទះ និងហែក ប៊ិះនឹងអស់ជីវី។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១២និង៤០នាទី នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះទាំងពីរនាក់នោះ បាននាំធ្វើដំណើរទៅដួសត្រី ក៏បានជួប សត្វខ្លាឃ្មុំកណ្តាលផ្លូវ ហើយក៏ចាប់ផ្តើមវាយប្រហារពួកគាត់តែម្តង។
បុរសរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ ងុយ ងឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) (ជាប្រជាការពារភូមិ )និងឈ្មោះ ភី ភក្តី ភេទ ប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យឯកជន ក្នុងឃុំអូរសោម។
ប្រភពបានបញ្ជាក់ថា ករណីនេះមិនធ្លាប់មានពីមុនមកទេ ។ ខ្លាំឃ្មុំដែលវាយប្រហារអ្នកភូមិនោះ ជាប្រភេទខ្លាឃ្មុំធំ ទំងន់ប្រមាណ២០០គីឡូក្រាម ដែលនៅក្នុងតំបន់អូរសោម មានខ្លាឃ្មុំប្រភេទនេះ ច្រើនគួរសមដែរ ដោយប្រជាពលរដ្ឋឧស្សាហ៍ឃើញគំនរអាចម៍របស់វាជាច្រើននៅទីនោះ៕
