ភ្នំពេញ ៖ បន្ទាប់ពីមានកម្លាំងទ័ពមួកខៀវបណ្តាប្រទេសជាច្រើន បានជួបបញ្ហាប្រឈមការរាតត្បាតមេរោគឆ្លង COVID-19 នៅតាមតំបន់បេសកកម្មតាមបណ្តាប្រទេសមួយចំនួនមក មកដល់ពេលនេះអង្គការសហប្រជាជាតិ ហៅកាត់ថា UN បានតម្រូវអោយបណ្តាប្រទេសបរិច្ចាគកងកំលាំង ត្រូវរៀបចំកងកំលាំងទ័ពមួកខៀវ ដែលមានអាយុខ្ពស់បំផុត៥០ឆ្នាំ ហ្វឹកហ្វឺនជំនាញត្រៀមបញ្ជូនបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាម។
បើតាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកំលាំងសន្តិភាព បានឲ្យដឹងនៅថ្ងៃទី២៥ ខែមិថុនានេះ ថា នៅក្នុងអំឡុងពេលដែលពិភពលោក កំពុងជួបបញ្ហាការរាតត្បាតមេរោគ COVID-19 នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិបានដាក់ចេញនូវវិធានការណ៍ថ្មីដោយកំណត់វ័យរបស់កងកំលាំងមួកខៀវសម្រាប់ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់UN មានវ័យខ្ពស់បំផុតត្រឹម៥០ឆ្នាំ គឺអាចជ្រើសរើសបញ្ជូនចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសមានជម្លោះសង្គ្រាម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា ការកំណត់វ័យ ចំណាស់ខ្ពស់បំផុតត្រឹម៥០ឆ្នាំ សម្រាប់កងទ័ពមួកខៀវចូលរួមបេសកកម្មរបស់UN ខាងលើនេះ គឺបានធ្វើឡើងបន្ទាប់ពីក្រុមជំនាញផ្នែកវេជ្ជសាស្ត្ររកឃើញថា មេរោគកូវីដ-១៩ ដែលបានចំលងចូលទៅក្នុងខ្លួនមនុស្សដែលមានវ័យចាស់ គឺវាបង្កហានិភ័យខ្លាំង ជាពិសេសការពិបាកតាមដាន និងពិបាកព្យាបាលអោយជាសះស្បើយខ្លាំង ជាងមនុស្សដែលមានវ័យក្មេង។
ឯកឧត្តម បន្តថា ទន្ទឹមនឹងបញ្ជូនកងលាំងមួកខៀវដែលមានវ័យមិនលើសពី៥០ឆ្នាំនោះ យើងក៏ត្រូវតម្រូវអោយកងកំលាំងទាំងអស់ ត្រូវមានសុខភាពកំលាំងមាំមួនដែលអាចបន្សាំទៅនឹងអាកាសធាតុនៅក្រៅប្រទេស និងត្រូវមានហ្វឹកហ្វឺនជំនាញបានច្បាស់លាស់ មុននឹងចេញចេញទៅបំពេញបេសកកម្មមនុស្សធម៌របស់UN។
ឯកឧត្តម សែមសុវណ្ណនី បន្តថា ចាប់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញនៅក្រៅប្រទេសបានចំនួន៦.៧៤២នាក់ក្នុងនោះ នារីចំនួន៣៦២នាក់ ខណៈបច្ចុប្បន្ន មានកំលាំងចំនួនជិត៨០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន៥ រួមមានប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ប្រទេសម៉ាលី អាហ្វ្រិកកណ្តាល និងប្រទេសលីបង់ ហើយនៅក្នុងចំណោមកងកំលាំងដែលបំពេញបេសកកម្មនោះ គឺមិនមានកងកំលាំងណាឆ្លងករណីថ្មីនៃមេរោគCOVID-19នោះទេ៕
អត្ថបទ ៖ ស៊ុម សុខជា
