ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានគម្រោងប្រែក្លាយថាសហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ លើកឡើងពីគម្រោងនេះ ក្នុងពីធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារពេជ្រតា ទីរួមខេត្តមណ្ឌលគិរី។
ពិធីដ៏មានសារសំខាន់នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធាន គ.ជ.ផ.ម និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភបាលខេត្តមណ្ឌលគិរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក គ.ជ.ផ.ម លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងវិស័យឯកជន។
ក្នុងពិធីនេះ ឯកឧត្តម វេង សាខុន បានបង្ហាញអំពីសុឆន្ទៈក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជា មួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមអភិក្រម “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរណ៍គឺជាមាសបៃតង។
ជាក់ស្តែង បច្ចុប្បន្នកម្ពុជា មាន ១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍ ៥១៦ ក្នុងនោះ ២៧សហគមន៍ បាននិងកំពុងដំណើរ ការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។
ឯកឧត្តម មានប្រសាសន៍ថា តាមរយៈពិធីផ្សព្វផ្សាយនេះ នឹងបង្កើតបានជាប្រយោជន៍ ផលិតបានធាតុចូលថ្មីៗថែមទៀតសំដៅស្វែងរកវិធីដោះស្រាយបញ្ហា ទាញយកប្រយោជន៍ឲ្យអស់ពីលទ្ធភាពពីការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវប្បធម៌ ដែលនឹងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន ឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល អំពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ក្នុងបុព្វ ហេតុរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ឆ្លើយតបទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩ -២០៣០ និងដោយឡែកការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥៕


