ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សារឡើងវិញកាន់តែច្រើនចូលក្នុងសហគមន៍នោះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញវិធានការចំនួនពីរចំណុច រួមមាន ទី១. ជំរុញដំណើការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងមូលដ្ឋាន ចាប់ពីដូសមូលដ្ឋានរហូតដូសជំរុញ និងទី២. ពង្រឹងវិធានការរាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៣កុំ ៣ការពារ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដានេះ បានប្រាប់BTVថា បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ឡើងវិញ ក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធររាជធានីភ្នំពេញ ដែលមានការណែនាំពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការចំនួន២ចំណុច ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ កាន់តែច្រើនចូលក្នុងសហគមន៍។
ក្រៅពីនេះ លោកបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះដែលមានចំនួនតិចតួចនោះ គឺស្ថានភាពពួកគេមិនធ្ងន់ធ្ងរនោះទេ ព្រោះពួកគេ ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ជាច្រើនដូសរួចរាល់។
ប្រជាពលរដ្ឋ បានឡើងដែរថា ការឆ្លងជំងឺកូវីដសាឡើងវិញនេះ មានអារម្មណ៍ភ័យខ្លាចដែរ តែមិន ខ្លាចខ្លាំងដូចឆ្នាំមុននោះទេ ព្រោះបានចាក់វ៉ាក់សាំងច្រើនដូសរួចរាល់ហើយ។ យ៉ាងណាក្តី ដើម្បីធានាសុវត្ថិភាពកុំឲ្យឆ្លងជំងឺកូវីដចូលក្នុងខ្លួន និងក្រុមគ្រួសារ ព្រមទាំងមិនចង់ឲ្យប្រទេសជាតិមានការបិទខ្ទប់ដូចឆ្នាំ មុនព្រោះជំងឺកូវីដ-១៩។
ពលរដ្ឋ បានអះអាងថា នឹងយកចិត្តទុកដាក់ខ្ពស់ជាងមុនអនុវត្តវិធានការ ណែនាំ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។
បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សារឡើងវិញ ចាប់ពី២៨ ខែមិថុនា មកប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នច្រើនជាងមុន និងជាពិសេសសម្រុកទៅចាក់វ៉ាក់សាំងដូសជំរុញ តាមកំណត់របស់គ្រូពេទ្យ។
បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលបន្តចាត់ទុកជា យុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីធានានិរន្តរភាព ដំណើរការសេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩៕ អត្ថបទ៖ ទូច សោភ័ណ