ភ្នំពេញ៖ ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រធានមូលនិធិបណ្ឌិតសភាយ៉ូជឹង បានសម្រេចជ្រើសរើសកម្ពុជាឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាពិសេសស្តីពី «ការទូតសភាស្ថាប័នអ្នកស្រាវជ្រាវ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីសន្តិភាព» វេទិកានេះ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកទាក់ទងនឹងសន្តិភាព ខណៈសន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។
វេទិកា ស្តីពី«ការទូតសភាស្ថាប័នអ្នកស្រាវជ្រាវ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីសន្តិភាព»នេះបានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីលោក ឯក ណាតដាកាល់ ប្រធាន UPF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកសាស្រ្តាចារ្យបណ្ឌិត ជីន ស៊ុងប៊ែ ប្រធានមូលនិធិបណ្ឌិតសភាយ៉ូជឹង និងសមាជិករដ្ឋសភាប្រទេសជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីបិទវេទិកានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានលើកឡើងថាក្នុងនាមលោកជំទាវជាសមាជិករដ្ឋសភា កម្ពុជាមានសេចក្តីសោមនស្សរីករាយដោយបានឃើញបញ្ញវន្តមកពីប្រទេសផ្សេងៗជាច្រើន មកចូលរួមយ៉ាងសកម្មនាពេលនេះ ដើម្បីបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរួមផ្នែកនយោបាយ របស់យើងក្នុងការលើកកម្ពស់សន្តិភាព ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពតានតឹងដោយសារការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ដែលបណ្តាលមកពីសណ្តាប់ធ្នាប់ពិភពលោកថ្មីដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។
លោកជំទាវ បានលើកឡើងទៀតថា «សន្តិភាព គឺជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។ យើងមិនអាចលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិបុលភាពបានទេ លុះត្រាតែសន្តិភាពត្រូវបានធានា។ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាពូនជ្រុំសន្តិភាព។ នៅកម្ពុជា សន្តិភាពគឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិរបស់យើង។ ឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាយុទ្ធនាការជាតិរបស់យើង ដើម្បីរំលឹកប្រជាជនអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព»។
លោកជំទាវ ឃួន សុដារី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការជ្រើសរើសប្រទេសកម្ពុជាធ្វើជាវេទិការសម្រាប់កិច្ចសន្ទនាស្តីពីសន្តិភាព។ ក្នុងនាមជាប្រទេសជាតិមួយ ដែលស្រឡាញ់សន្តិភាព កម្ពុជាបាននឹងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់សន្តិភាពពិភពលោក។ លោកជំទាវ បន្ថែមទៀតថា យើងត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើឱ្យមាននិរន្តភាពនៃសន្តិភាព។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងឡាយ ឱ្យពិចារណាលើអនុសាសន៍ដែលកើតចេញពីសន្និសីទនេះដោយបញ្ចូលធាតុចូលទាំងនេះ ទៅក្នុងការអភិវឌ្ឍគោលនយោបាយ និងធ្វើឱ្យក្លាយជាប្រភពនៃការបំផុសគំនិត និងការណែនាំសម្រាប់ផែនការសកម្មភាព ដែលរឹងមាំ និងពិតជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាពសកលដោយផ្អែកលើមនុស្សជាតិផងដែរ៕អត្ថបទ៖ បាន ចក់រូបភាព








