ភ្នំពេញ៖ បណ្តាម្ចាស់ស្ត្រីជាម្ចាស់អាជីវកម្ម សិប្បកម្ម ផលិតកម្មកែច្នៃរម្ហូបអាហារ និងកសិឧស្សាហកម្ម សំដែងអបអរសាទរ និងអរគុណរាជរដ្ឋាភិបាល ដែលបានទម្លាក់កញ្ចប់ថវិកាសហហិរញ្ញប្បទានស្តារ និងពង្រីកសហគ្រាសធុនតូច និងមធ្យមក្រោយវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៤០លានដុល្លាអាមេរិក ដោយផ្តល់អាត្រាការប្រាក់ទាប ៥.៥% ដែលផ្តល់តាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាSME Bank។
ថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែកក្តដានេះ បណ្តាស្ត្រីជាម្ចាស់សិប្បកម្មកែច្នៃរចំណីអាហារនៅក្នុងស្រុក បានថ្លែងថា ការផ្តល់ប្រាក់កម្ចីពង្រីកអាជីវកម្ម ដែលមានអាត្រាប្រាក់ទាបជូនដល់បណ្តាអាជីវកម្ម សិប្បកម្ម ផលិតកម្មកែច្នៃកសិឧស្សាហកម្ម ដែលគ្រប់គ្រងដោយស្ត្រីខ្មែរ គឺជាជម្រុញលើកទឹកចិត្តឲ្យស្ត្រីជាម្ចាស់អាជីវកម្ម បង្កើនផលិតសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុក និងពង្រីកការនាំចេញទៅក្រៅប្រទេស ជាពិសេសក្រោយស្ថានការណ៍កូវីដ១៩ បានធូរស្រាលវិញ។
បើតាមបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា គម្រោងសហហិរញ្ញប្បទានស្តារ និងពង្រឹងអាជីកម្មសហគ្រាសធុនតូច និងមធ្យមរបស់រាជរដ្ឋាភិបាល ដែលអាត្រាការប្រាក់ ៥.៥%នេះ គឺផ្តល់ជូនសម្រាប់តែអាជីវកម្ម សិប្បកម្មកែច្នៃ កសិឧស្សាហកម្ម ដែលជាវិស័យអាទិភាព ហើយគ្រប់គ្រងដោយស្ត្រី។
បណ្ឌិត លឹម អូន បញ្ជាក់ថា សម្រាប់បណ្តាអាជីកម្មក្រៅពីនេះ ធនាគារSME ក៏បានផ្តល់អត្រាការប្រាក់ទូទៅ ៦.៥% ហើយវាក៏នៅតែមានកម្រិតការប្រាក់ទាបជាងកម្ចីឥណទាននៅលើទីផ្សារហិរញ្ញវត្ថុ។
បណ្ឌិត លឹម អូន បញ្ជាក់ថា យ៉ាងណាក៏ដោយ ការទម្លាក់កញ្ចប់ថវិកាសហហិរញ្ញប្បទានរាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម រហូតមកដល់ពេលនេះ គឺមានអាជីវកម្មមកពីគ្រប់វិស័យរួមមានវិស័យកសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា និងផលិតកម្មកែច្នៃជាដើម ប្រមាណ ២០០០អាជីវកម្ម ទទួលកម្ចីឥណទានដើម្បីពង្រីកអាជីវកម្មខ្លួន៕ អត្ថបទ ស៊ុម សុខជា