ឧត្ដរមានជ័យ៖ អភិបាលខេត្តឧត្ដរមានជ័យ បានជំរុញមន្ត្រីជំនាញពាក់ព័ន្ធនានា ដែលកំពុងឈរជើងនៅច្រកព្រំដែន ត្រូវពង្រឹងវិធានការទប់ស្កាត់បង្ការការនាំចូលជំងឺកូវីដ-១៩ ខណៈនៅក្នុងប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍ឡើងវិញ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៤ ខែកក្កដាម្សិលមិញ បានធ្វើដំណើរទៅត្រួតពិនិត្យស្ថានភាពព្រំដែន និងបានក្រើនរំលឹកដល់កងកម្លាំងជួរមុខ កំពុង ឈរជើងនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងអស់ ក្នុងភូមិសាស្រ្តខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នពង្រឹងទប់ស្កាត់ឲ្យបានម៉ត់ចត់បន្ថែម ទៀតចំពោះបញ្ហាប្រឈមនានា ពិសេសករណីកូវីដ-១៩លើអ្នកដំណើរឆ្លងដែន ក៏ដូចជាពលករវិលត្រឡប់មកពីប្រទេសថៃ។
ឯកឧត្តម បានបញ្ជាក់ថា អាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ ដែលឈរជើងនៅតាមច្រកទ្វារព្រំដែន កម្ពុជាថៃ ត្រូវតែមានវិធានការទប់ស្កាត់ ពិនិត្យសុខភាពដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការឆ្លងម្តងទៀត នៅក្នុងសហគមន៍ខេត្តមួយនេះ ។
បច្ចុប្បន្នអាជ្ញាធរខេត្តឧត្ដរមានជ័យ បានធ្វើការពង្រាយការចាក់វ៉ាក់ទៅតាមទីតាំងក្រុង/ស្រុក និង តាមទីសាធារណៈជាច្រើនកន្លែង ដែលអាជ្ញាធរបានកំណត់ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលា៕ អត្ថបទ៖ ឃិន សារិទ្ធ