ភ្នំពេញ៖ ដោយមើលឃើញថា កំណើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសល្អ ជាពិសេសភាពសកម្មរបស់ថ្នាក់ដឹកនាំនៃ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា វិនិយោគិនជប៉ុន បានបោះទុនចំនួនប្រមាណ ១២០លានដុល្លារអាម៉េរិក ក្នុងការបណ្តាក់ទុនវិនិយោគសាងសង់លំនៅឋាន និងអគារសម្រាប់ជួលនៅកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយសន្និសីទសារព័តមាន ស្តីពីអំពីលំនៅឋានអារ៉ាខាវ៉ា ដំណាក់កាលទី២ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) ស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានមានប្រសាសន៍ថា បន្ទាប់ពីឈានជើងលើទឹកដីកម្ពុជារហូតមកដល់ពេលនេះ គឺមានរយៈពេល ២០ឆ្នាំហើយ។
លោក បានឲ្យដឹង លោកសម្រេចចិត្តមកធ្វើការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដើម្បីរួមចំណែកជួយដល់ការរស់នៅរបស់ប្រជាជនកម្ពុជា ហើយរំពឹងថា វិនិយោគិន និងអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យដទៃទៀត នឹងបង្វែរការ យកចិត្តទុកដាក់ និងទិសដៅសាងសង់លំនៅឋាននៅកម្ពុជាកាន់តែច្រើនឡើង ផងដែរនាពេលអនាគត។
ពាក់ព័ន្ធគម្រោងវិនិយោគលំនៅឋានបែបខុនដូ ស្ថិតនៅតំបន់ទឹកថ្លា រាជធានីភ្នំពេញសព្វថ្ងៃនេះ លោកបាន បញ្ជាក់ថា ចំណាយទុនវិនិយោគសរុបចំនួនប្រមាណ ១០០លានដុល្លារ ក្នុងគោលបំណងឲ្យប្រជាជនកម្ពុជា ដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋដែលមានជីវភាពកណ្តាល បើទោះជាពួកគាត់មានចំណូល ទាប និងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូរបាន និងទទួលបាននូវបទពិសោធន៍ជាម្ចាស់កម្មសិទ្ធ រស់នៅសមរម្យក្នុងខុនដូរទំនើបកណ្តាលទីក្រុងភ្នំពេញ។
លោកបានឲ្យដឹងថា បន្ទាប់ពីគម្រោងនេះបញ្ចប់ និងលក់អស់រួចរាល់ ក្រុមហ៊ុន នឹងបន្តធ្វើគម្រោងស្រដៀងគ្នានេះបន្តថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជននៅកម្ពុជា។
សូមបញ្ជាក់ថា លំនៅឋានបែបខុនដូរបស់អារ៉ាខាវ៉ា សាងសង់លើផ្ទៃដីជាង១.៣ហិចតា មានសំណង់អគារសរុប ចំនួន១៦ និងមានកំពស់២១ជាន់ស្មើៗគ្នា មានបន្ទប់សរុបជាង ៣ពាន់យូនីត/បន្ទប់។ គម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នាខែធ្នូ ឆ្នាំ២០២២នេះ៕អត្ថបទ៖ ឈិត បូរ៉ាវី