សៀមរាប៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យ បានទូលំទូលាយអំពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីលើកកម្ពស់វប្បធម៌ នៃការបង្ការជាវិជ្ជមានលើផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ។
ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន” ដែលបានធ្វើឡើងនៅខេត្ដសៀមរាប នៅថ្ងៃទី៥ ខែកក្កដា នេះ ដែលរៀបចំឡើងដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍រំលឹកដល់កម្មករនិយោជិត ដែលបានបាត់បង់ជីវិត រងគ្រោះដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ដែលកើតឡើងនៅលើសកលលោកជារៀងរាល់ឆ្នាំ។
ឯកឧត្ដម បានជំរុញឱ្យមានការផ្សព្វផ្សាយ និងចែករំលែកពីស្ថានភាព និងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារ និងផលប៉ះពាល់ទៅលើកម្មករនិយោជិត រួមនឹងការអនុវត្តល្អៗពីភាគីនិយោជក និងកម្មករនិយោជិត លើការងារសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងជំរុញការលើកកម្ពស់បន្ថែមចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកា ក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។
យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ឆ្នាំ២០២២នេះ គឺមានតួលេខ អ្នកស្លាប់ប្រមាណ៣លាននាក់ នៅទូទាំងពិភពលោក ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅកន្លែងធ្វើការ។ ចំនួននេះជាការរំលឹកដល់គ្រប់ប្រទេសជាសមាជិករបស់អង្គការ (ILO) ឱ្យបន្តខិតខំគិតគូរ លើបញ្ហាសុវត្ថិភាព និងសុខភាពការងារនេះបន្តទៀត។
របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញដែរថា លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់ មានសរុបចំនួន១១,២៥៨នាក់ក្នុងឆ្នាំ២០២១ ដែលក្នុងនោះរួមមាន គ្រោះថ្នាក់នៅកន្លែងធ្វើការ និងពេលធ្វើដំណើរ ដែលចំនួនអ្នកគ្រោះថ្នាក់នេះ មានការថយចុះស្មើនឹងចំនួន២៥,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២០៕អត្ថបទ៖ ឈិត សាវី