ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានខិតខំសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការបំពេញការងារស្នូលរៀងៗខ្លួននៅក្នុងក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសអនុញ្ញាតិឱ្យកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃចង់បានមន្រ្តីរបស់ខ្លួនមានជំនាញគ្រប់ៗ ហើយក៏បាននិងខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាលទាំងមន្ត្រីនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលតាមភូមិភាគ ព្រមទាំងមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោម ទាំងនៅសាលាភូមិន្ទរដ្ឋបាល និងនៅសាលាជាតិរដ្ឋបាលមូលដ្ឋានដែលក្រសួងមហាផ្ទៃទើបតែបង្កើតឡើងផងដែរ។
សម្តេចក៏បានមានប្រសាសន៍អំពីដំណើរការកំណែទម្រង់ការងារនានានៅក្រោមក្រសួងមហាផ្ទៃ ដូចជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់នគរបាលជាតិ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះសម្ដេចក៏បានចែករំលែកទស្សនាទានពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានដូចជា វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វត្តមន្ត្រីគ្រប់គ្រងរដ្ឋបាល វគ្គមន្ត្រីមធ្យម និងមន្ត្រីក្រមការ សរុបចំនួន ៧៩២នាក់ ស្រី១៣៨នាក់៕ អត្ថបទ ៖ បាន ចក់
