ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលនៅតំបន់អឺរ៉ុបរួមមាន៖ បារាំង ,អ៊ីតាលី និងអេស្ប៉ាញ កំពុងទទួលករណីឆ្លងរលកទី៧ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩
សម្ដេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចបានអញ្ជើញ ជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញទី៣,ទី៤ និងទី៥ ដោយសម្តេចបានសង្កត់ធ្ងន់ថា «គ្មានអ្វីប្រសើរជាងការចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ ក្នុងកាលៈទេសៈនេះ»។ សម្ដេចតេជោបន្តទៀតថា បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្រាន់ ដូច្នេះគ្មានការចាំបាច់ណាមួយ ដើម្បីបិទប្រទេសជាថ្មី ដោយសារជំងឺកូវីដ-១៩ នោះទេ។
