ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ អញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មានដល់កីឡាករ សូមកុំប្រើប្រាស់សារធាតុញៀន ឬសារធាតុហាមឃាត់ សម្រាប់ការប្រកួតនាំឱ្យខូចមុខមាត់ និងកិត្តិយសរបស់ប្រទេសជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសយល់ព្រមឱ្យមានយន្តហោះពិសេសដឹកជញ្ជួនកីឡាករ កីឡាការិនីជនពិការទៅ និងត្រឡប់ ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម ២០២២ ទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីសម្រួលដល់ការធ្វើដំណើរកីឡាករ និងកាត់បន្ថយការហានិភ័យផ្សេងៗ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាករ សូមគិតគូរដល់មុខមាត់ និងកិត្តិយសជាតិ ទោះជាបានមេដាយមាសក៏ដោយ បើយើងករណីប្រើប្រាស់គ្រឿងញៀន ឬសារធាតុហាមឃាត់ក្នុងពេលប្រកួត ក៏មិនមានន័យអ្វីដែរ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងចំណោមកីឡាករ កីឡាការិនីពិការ ដែលត្រូវចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះ ក៏មានអ្នកធ្លាប់រងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះផងដែរ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដី ដែលមានមីនប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយតំបន់ដែលធ្លាប់មានមីន និងធ្លាប់រងគ្រោះដោយសារមីន ជាតំបន់សុវត្ថិភាព(សូន្យមីន)។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយសង្គ្រាមបានបញ្ចប់ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ទាំងនោះជាតំបន់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ អ្វីៗត្រូវធ្វើឱ្យល្អប្រសើរ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អានុសាសន៍ដល់គណៈរដ្ឋមន្ត្រីឱ្យបើកគណនី(កុងធនាគារ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់ប្រជាពលរដ្ឋ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិស័យមីន ក្រោមគម្រោង «សម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STF - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles»។
- សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីប្រឹងប្រែងសកម្មភាពរបស់ខ្លួន ដើម្បីធ្វើសកម្មភាពផ្តាច់ព្រ័ត្រ លើតំបន់ដែលធ្លាប់មានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បាន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាប្រុងប្រយ័ត្នករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ ដែលកើតមានគួរឱ្យព្រួយបារម្ភ ខណៈដែលករណីស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ មានកម្រិតសូន្យ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឯកភាពតាមសំណើរបស់អ្នកប្រកបរបររកស៊ីរថយន្តដឹកដី និងរថយន្តធុនធំចង្កូតស្តាំ សូមមកបង់ពន្ធ ដោយមិនតម្រូវឱ្យកែចង្កូតមកឆ្វេងឡើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតទៅ កម្ពុជាមិនអនុញ្ញាត ឱ្យមានការនាំចូលរថយន្តចង្កូតស្តាំចូលមកព្រះរាជាណាចក្រកម្ពុជាជាថ្មីឡើយ។ បើមានការនាំចូលល្មើស នឹងមានវិធានការ ដោយគ្មានការលើកលែងទៀតឡើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមបន្តបង្កើនការប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលនៅតំបន់អឺរ៉ុបរួមមាន៖ បារាំង ,អ៊ីតាលី និងអេស្ប៉ាញ កំពុងទទួលករណីឆ្លងរលកទី៧ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបន្តនិរន្តរភាព នៃការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣កុំ និង៣ ការពារ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលប្រទេសនានាក្នុងតំបន់អាស៊ានមានករណីឆ្លងបន្តកើតមានឥតដាច់។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ «ស្កាយអង្គរ» បានប្រកាសផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃ(ទាំងទៅទាំងមក)ដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមកម្ពុជា ទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីដោយរដ្ឋគ្មានការចាំបាច់ណាមួយ ដើម្បីបិទប្រទេសជាថ្មី ដោយសារជំងឺកូវីដ-១៩នោះទេ បន្ទាប់ពីកម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩បានគ្រប់គ្រាន់។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសជំរុញទី៣,ទី៤ និងទី៥ ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «គ្មានអ្វីប្រសើរជាងការចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ ក្នុងកាលៈទេសៈនេះ»។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កីឡាករទាន់សម័យ គឺជាកីឡាករដែលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូសតាមការតម្រូវរបស់ក្រុមគ្រូពេទ្យ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់កីឡាករ សូមប្រឹងប្រែងយកចិត្តទុកដាក់ចាក់វ៉ាក់សាំងកូវីដ-១៩ ការពារខ្លួនពីការឆ្លងកូវីដ-១៩ និងជាលក្ខខណ្ឌតម្រូវសម្រាប់ការធ្វើដំណើរឆ្លងកាត់ប្រទេសនីមួយៗផងដែរ(កាតវ៉ាក់សាំង)។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរួមចំណែករបស់កម្ពុជា និងសមាជិកអាស៊ានផ្សេងៗទៀត លើការស្តុកបម្រុងរបស់អាស៊ានប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ក្នុងក្របខណ្ឌអាស៊ានទាំងមូល។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រើប្រាស់អគ្គិសនីដោយភាពសន្សំសំចៃខ្ពស់ ខណៈដែលអគ្គិសនីកម្ពុជា ក៏បានប្រឹងប្រែងទប់នឹងកំហាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលកើតមានទូទាំងពិភពលោក ដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សូមកុំលេងល្បែងដាក់ទណ្ឌកម្មគ្នា។ ទណ្ឌកម្មទាំងនោះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសទាំងនោះឡើយ គឺវាបានជះឥទ្ធិពលទូទាំងពិភពលោក ក្នុងនោះមានវិបត្តិថាមពល និងវិស័យស្បៀងអាហារ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើគ្មានការទប់ទល់របស់រដ្ឋ ចំពោះអគ្គិសនីកម្ពុជាទេ ម្លេះតម្លៃអគ្គិសនីនៅកម្ពុជា មានតម្លៃគុណនឹង២រួចជាស្រេចបាត់ទៅហើយ។ សម្តេចបញ្ជាក់ថា «មិនត្រឹមតែ មិនអាចបញ្ចុះថ្លៃអគ្គិសនីបានទេ រដ្ឋត្រូវត្រៀមទុនដើម្បីជួយខាតអគ្គិសនីកម្ពុជាថែមទៀត»។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាភ័ព្វសំណាង ពេលមានបញ្ហាវិបត្តិថាមពលសកល កម្ពុជាទទួលបានអំណោយពីទេវតា គឺធ្លាក់ភ្លៀងបំពេញអាងស្តុកទឹកវារីអគ្គិសនី ដែលយើងអាចទាញយកថាមពលពីកម្លាំងទឹក បង្កើតអគ្គិសនីបំពេញតម្រូវកង្វះខាត នៃការប្រើប្រាស់អគ្គិសនីបាន។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា «រថយន្តចង្កូតស្តាំ ដែលមានស្រាប់ក្នុងប្រទេសប៉ុន្មាន សូមទៅបង់ពន្ធ ដោយមិនចាំបាច់កែចង្កូតទេ..! លក្ខខណ្ឌតម្រូវនេះ មានត្រឹមតែត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះតែប៉ុណ្ណោះ រដ្ឋគ្មានគោលការណ៍លើលែងទៀតទេ»។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើតចលនាជាតិរបស់យើង ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់សារមីនត្រឹមឆ្នាំ២០២៥ ដោយផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹមដល់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់អ្នកលេង TIK TOK ដែលជានារីៗ សូមរក្សាតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរជានារីខ្មែរ (កុំនិយាយចំអេសចំអាស)ហើយរដ្ឋក៏គ្មានគោលការណ៍ដើម្បីបិទ TIK TOK នេះដែរ។
- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកលេង TIK TOK ដែលមានគោលបំណងវាយប្រហារ បង្កាច់បង្ខូច រាជរដ្ឋាភិបាល ឬសម្តេចផ្ទាល់ សូមមានការគិត ឬភាពពិតជាក់ស្តែង នៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ «គោលបំណងនៃការវាយប្រហារខ្លះ បែរលើកតម្កើងសម្តេចទៅវិញ..!»។
- សម្តេចតេជោ ហ៊ុន សែន បានផ្តល់ការលើទឹកចិត្តដល់កីឡាករកម្ពុជាទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី សូមកុំចាញ់ច្រាបគេ «គេក៏ជាតិសាសន៍មួយ យើងក៏ជាតិសាសន៍មួយដូចគ្នា»..! ហើយត្រូវចាំថា «យើងម្នាក់ៗតំណាងឱ្យជាតិសាសន៍កម្ពុជា និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល»។
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង១០ និង២០នាទី