វាយកូនបាល៖ កីឡាករការពារតំណែងជើងឯក Novak Djokovic បានបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៃព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, Wimbledon ក្រោយយកឈ្នះកីឡាករអ៊ីតាលី Jannik Sinner។ ជាការប្រកួតដ៏តានតឹងសំរាប់កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បន្ទាប់ពីកីឡាករវ័យក្មេងអ៊ីតាលី Jannik Sinner បានយកឈ្នះពីរសិតដំបូង ៧-៥ និង ៦-២។

កីឡាករវ័យ ៣៥ឆ្នាំស៊ែបដែលកំពុងស្វែងរកពាន Wimbledon បួនឆ្នាំជាប់ៗគ្នា Novak Djokovic បានឆ្លើយតបមកវិញជាមួយនឹងជ័យជំនះ ៣សិតផ្ទួនៗវិញ ៦-៣, ៦-២ និង ៦-២។ ក្រោយចប់ការប្រកួត Djokovic ក៏បានកោតសរសើរ Jannik Sinner ពេញៗមាត់ក្រោយការប្រកួត ២សិតដំបូង។ ជុំបន្ត Novak Djokovic នឹងត្រូវជួបជាមួយកីឡាករម្ចាស់ផ្ទះអង់គ្លេស Cameron Norrie នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Cameron Norrie ដែលជាបេក្ខភាពក្តីសង្ឃឹមចុងក្រោយរបស់ម្ចាស់ផ្ទះ ក៏ត្រូវការប្រាំសិតដែរទំរាំឈានដល់ជ័យជំនះលើកីឡាករប៊ែលហ្ស៊ិក David Goffin។ ក្រោយការប្រកួតបួនសិតដំបូងកីឡាករទាំងពីរឈ្នះទៅមកម្នាក់មួយសិតៗ មុនពេលដែល Cameron Norrie គឺជាអ្នកសំរេចយកឈ្នះសិតកាត់សេចក្តី ៧-៥។ ជ័យជំនះនេះធ្វើឱ្យកីឡាករវ័យ ២៦ឆ្នាំ Cameron Norrie ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam ជាលើកដំបូងក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ