វាយកូនបាល៖ កីឡាការិនីវាយកូនបាល់អាល្លឺម៉ង់ Tatjana Maria បានបន្តដំណើរឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Grand Slam ជាលើកដំបូងក្នុងអាជីព ក្រោយយកឈ្នះមិត្តរួមជាតិអាល្លឺម៉ង់កីឡាការិនី Jule Niemeier។

បច្ចុប្បន្នមានចំណាត់ថ្នាក់ពិភពលោកលេខ ១០៣ Tatjana Maria ទើបតែវិលចូលប្រកួតវាយកូនបាល់វិញមិនទាន់បានមួយឆ្នាំស្រួលបួលផង បន្ទាប់ពីសម្រាលកូនស្រីទីពីររបស់នាង។ ចាប់ផ្តើមដំបូង Jule Niemeier បាននាំមុខមុន ១ សិត ៦-៤ មុនពេលដែល Maria វាយបកយកឈ្នះវិញ ២សិតផ្ទួនៗ ៦-២ និង ៧-៥។ ជុំបន្តកីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះនឹងត្រូវជួបជាមួយកីឡាការិនីទុយនេស៊ី Ons Jabeur។ Ons Jabeur បានក្លាយជាកីឡាការិនីមកពីតំបន់អារ៉ាប់ទីមួយដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam ក្រោយយកឈ្នះកីឡាការិនីឆេក Marie Bouzkova។
មិនខុសពី Tatjana Maria ឡើយ Ons Jabeur ក៏ត្រូវគូប្រកួតនាំមុខមុនមួយសិតដែរ មុនពេលវាយបកយកឈ្នះវិញ ៦-១ និង ៦-១។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ៏ត្រ Ons Jabeur នឹងត្រូវជួបជាមួយ Tatjana Maria ដែលនឹងមានម្នាក់ឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងអាជីពវាយកូនបាល់៕
អត្ថបទ៖នាង សុភាវុធ