ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដី ដែលមានមីនប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយតំបន់ដែលធ្លាប់មានមីន និងធ្លាប់រងគ្រោះដោយសារមីន ជាតំបន់សុវត្ថិភាព (សូន្យមីន) ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍ ធម្មជាតិផងដែរ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឆ្លៀតលើកឡើងពីជនពិការ ដែលបន្សល់ដោយសារសង្គ្រាម ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ល។
សម្ដេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីពេលបញ្ចប់សង្គ្រាម សម្ដេចបានដាក់ចេញនូវគោលដៅពីរ៖ ទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២.ប្រែក្លាយខ្សែព្រំដែន ជាមួយប្រទេសជិតខាង ឲ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឥឡូវកិច្ច ការទាំង២ គឺកំពុងតែដំណើរការ ឯកិច្ចការទី១ ដែលមកដល់ពេលនេះ អាចនិយាយបានថា សម្រេចលើសពី៩០ ភាគរយទៅហើយ។
សម្ដេតេជោ បានជំរុញអាជ្ញាធរមីនឱ្យខិតខំដោះមីននៅតំបន់ដែលសេសសល់គ្រាប់មីន ឱ្យក្លាយជា តំបន់សូន្យមីន ដើម្បីទាក់ទាញទេសចរ។
សម្ដេចតេជោ ក៏បានបង្ហាញពីការធ្វេសប្រហែសមួយ ដែលរាជរដ្ឋាភិបាល បានបញ្ចេញថវិកាមិនធំ សម្រាប់ការដោះមីន ដោយពឹងផ្អែកច្រើនជ្រុលហួសទៅលើដៃគូអភិវឌ្ឍន៍ តែមកដល់ពេលនេះ ចំណុច ដែលនៅសល់សម្ដេច បានរៀបចំគម្រោងមួយ ដើម្បីរុញស្ថានភាពនេះឲ្យដំណើរការទៅមុខ ដែលគិតមក ដល់ពេលនេះ ថវិកាដែលទទួលបានពីសប្បុរសជនមានប្រមាណជិត ១៥លានដុល្លារអាមេរិកហើយ សម្រាប់រំដោះផ្ទៃដីមានមីនដែលនៅសេសសល់តិចតួចនោះ ៕
អត្ថបទ៖ មុត សុទ្ធ
